ព្រះខ័នរាជស្វាយរៀងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ីខាងកើត AFC Challenge League ២០២៥-២០២៦
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥--ក្រុមព្រះខ័នរាជស្វាយរៀងបានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ីខាងកើត ក្រោយពីបានឈ្នះលើគូប្រកួតចំនួន២ប្រកួត ក្នុងនៅវគ្គសន្សំពិន្ទុ ពូល D នៃពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី (AFC Challenge League) រដូវកាល ២០២៥-២៦។


ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ប្រជែងបាន៣ពិន្ទុបន្ថែម សម្រាប់ជំនួបប្រកួតទី២ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ជាមួយក្រុម Ezra FC របស់ប្រទេសឡាវ ដោយលទ្ធផលបច្ចេកទេស ៣-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កាលពីប្រកួតទី១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុម SP Falcons របស់ប្រទេសម៉ុងហ្គោលី ដោយលទ្ធផលបច្ចេកទេស ៣-០ ដូចគ្នា។


ឆ្លងកាត់២ប្រកួត ព្រះខ័នរាជស្វាយរៀង ឈ្នះទាំងពីរប្រកួតទទួលបាន ៦ពិន្ទុ មានគ្រប់ទាត់បញ្ជូលទីគូប្រកួត ៦គ្រាប់ ដោយគ្មានដៃគូទាត់ចូលទីឡើយឡើយ ដោយឈរនៅលើកំពូលតារាងក្នុងពូល D ឡើងទៅកាន់វគ្គបន្ត។ ចំពោះក្រុម Manila Digger របស់ប្រទេសហ្វីលីពីន ឆ្លងកាត់២ប្រកួតដូចគ្នា ឈ្នះទាំងពីរប្រកួតដែរមាន៦ពិន្ទុ ឈរនៅលេខ២ ក្នុងពូល D សល់គ្រាប់ចំណេញ៤គ្រាប់។ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Manila Digger ដឹកដៃគ្នាឡើងទៅកាន់វគ្គបន្ត។ ១ប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុក្នុងពូល D គឺក្រុមព្រះខ័នរាជស្វាយរៀងត្រូវប្រកួតជាមួយក្រុម Manila Digger នាវេលាម៉ោង៧:០០ យប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ដោយ ហេង ណាលីន (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)





