លោកជំទាវ ភឿង សកុណា ទទួលជួបពិភាក្សាការងារជាមួយប្រធានសមាគមសិល្បៈខ្មែរប្រចាំរដ្ឋវ៉ាសុីនតោន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកស្រី អ៊ំ ម៉ីរ៉ាឌី ប្រធានសមាគមសិល្បៈខ្មែរប្រចាំរដ្ឋវ៉ាស៊ីនតោន និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ នៅទីស្តីការក្រសួង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហការមួយចំនួនដូចជាការបញ្ជូនសិស្ស និស្សិតនៅសហរដ្ឋអាមេរិកមកសិក្សាឈ្វេងយល់អំពីវប្បធម៌អរិយធម៌ខ្មែរនៅកម្ពុជា និងការត្រៀមរៀបចំព្រឹត្តិការសិល្បៈវប្បធម៌ខ្មែរនៅរដ្ឋវ៉ាស៊ីនតោននាពេលខាងមុខ។


ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់ជូននូវសៀវភៅឯកសារក្បាច់របាំព្រះរាជទ្រព្យ សៀវភៅភ្លេងរបាំព្រះរាជទ្រព្យ និងសៀវភៅឯកសារនៃការចុះបញ្ជីសម្បត្តិបេតិកភណ្ឌរូបី និងអរូបីនៃអង្គការយូណេស្កូដើម្បីទុកជាការសិក្សាស្រាវជ្រាវ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





