គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៏ជនកម្ពុជា ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា១២ឧសភាឆ្នាំ២០២៦
AKP កំពង់ធំថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- គណៈកម្មាធិការសមាគមអតីតយុទ្ធជន នឹងនិវត្តន៍ជនកម្ពុជា ខេត្តកំពង់ធំប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា(ថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៦)ស្ថិតនៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនាព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ។ ពិធីមានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងខេត្ត បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង ស្រុកទាំង៩ ព្រមទាំងបងប្អូនអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ចំនួន ២៥០គ្រួសារ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេ ខាធិការដ្ឋាន នៃគណៈកម្មាធិ ការសមា គមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធា នសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងប្រតិភូដែលបានផ្ដល់កិត្តិយស អញ្ជើញជាអធិបតីភាពនឹងជាភ្ញៀវកិត្តិយសក្នុងពិធីដ៏មានសារៈសំខាន់នេះ ។

ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអានសារលិខិតរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់ថា នេះ គឺជាទិវាជាប្រវត្តិសាស្ត្រប្រកប ដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ អនុលោមតាមស្មារតី នៃអនុក្រឹត្យលេខ១៤៥ អនក្រ បក របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់ អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជានិងបានគូសបញ្ជាក់បន្ថែមនូវសំណួមពរ និងភារកិច្ចមួយចំនួនទៀត ដើម្បីគ្រប់ថ្នាក់ គ្រប់ផ្នែក ចូលរួមចំណែកក្នុងការគាំទ្រដល់ទិវាអតីតយុទ្ធជន និងនិវត្តន៏ជនកម្ពុជា នៅពេលនេះផងដែរ ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការគោរពដឹងគុណ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អ៊ុំ ពូ មីង អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ពិសេសបានរួមចំណែកជាមួយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនៅនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។ នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងនូវការដឹងគុណដល់វីរយុទ្ធជនដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានដ៍ឃោឃៅព្រៃផ្សៃ ពីពួកទាហានសៀមមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គី ភាពគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិយើងរឹងមាំ រីកចម្រើនលើគ្រប់វិស័យ ពិសេសលើវិស័យការពារជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ។
នៅក្នុងឱកាសនេះតាមសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង ឯកឧត្តម នួន ផារ័ត្ន បានសម្រេចផ្ដល់ថវិកា ចំនួន ១ម៉ឺនដុល្លារ សម្រាប់សាងសង់សាលប្រជុំបើកចំហរមួយខ្នង ដែលមានទំហំ ៣៦០ម៉ែត្រការ៉េ សម្រាប់ការជួបជុំនិងរៀបចំពិធីផ្សេងៗ ហើយនៅក្នុងពិធីនេះ ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមអភិបាល ខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ដែលបានចូលរួមចំនួន ២៥០គ្រួសារក្នុងមួយគ្រួសារ ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល អង្ករចំនួន ៤០គីឡូក្រាមនិងឃីត១កញ្ចប់៕
ដោយ៖ ស៊ុម វណ្ណា





