ក្រុមប្រឹក្សារាជធានីភ្នំពេញបើកវេទិកាពិគ្រោះយោបល់នៅខណ្ឌដូនពេញ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្តម ម៉ប សារិន ប្រធានក្រុមប្រឹក្សា ឯកឧត្ដម សុខ ពេញវុធ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន ដែលសហការគ្នាបានយ៉ាងល្អ ក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើឡើង និងលើកឡើងកាលពីឆ្នាំមុន ដោយសម្រេចបានស្ទើរតែទាំងស្រុងជូនប្រជាពលរដ្ឋ។ ខណ្ឌដូនពេញគឺជាខណ្ឌមួយ ដែលពោរពេញដោយតំបន់ទេសចរណ៍ និងមានអនាម័យស្អាតជានិច្ច គួរឱ្យកោតសរសើរ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់មាត់នូវសំណូមពររបស់ខ្លួន ចង់ឱ្យជួយផ្លាស់ប្តូរអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដែលខូចៗ និងស្នើសុំឱ្យមានការជួយសម្របសម្រួលដល់កិច្ចការកែតម្រូវសំបុត្រកំណើត ខណៈដែលពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយកែលម្អហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនប្រជាពលរដ្ឋខណ្ឌដូនពេញ បានយ៉ាងល្អប្រសើរផងដែរ។ ជាមួយគ្នានេះ ក៏មានតំណាងគ្រូបង្រៀន ស្នើសុំឱ្យអាជ្ញាធរ ជួយដាក់គំនូសចរាចរណ៍ ប្រុងប្រយ័ត្ន នៅតាមផ្លូវតូចៗជាប់នឹងសាលារៀន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជូនដល់សិស្សានុសិស្ស និងជួយស្តាលូ ក្នុងសាលារៀន ដើម្បីឱ្យទឹកភ្លៀងហូរច្រោះបានលឿន។

ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានអរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋខណ្ឌដូនពេញ ដែលឆ្លើយតបនឹងតម្រូវការពលរដ្ឋ បានយ៉ាងល្អប្រសើរ។ ឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋ ស្នើសុំផ្លាស់ប្តូរអំពូល ភ្លើង និងកាត់លះមែកឈើសាធារណៈ ឯកឧត្តម សុខ ពេញវុធ បានប្រគល់ភារកិច្ចនេះជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យនិងដោះស្រាយជូនតាមសំណូមពរ។ ពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រកំណើត ត្រូវបានឯកឧត្តមបញ្ជាក់ទៅវិញថា ជាកិច្ចការមួយ ដែលមិនអាចកំណត់បានជាក់ស្តែងនូវថេរវេលានោះទេ អាស្រ័យទៅតាមការកែតម្រូវនៃសំបុត្រកំណើតនេះ។

ចំពោះការស្នើសុំដាក់គំនូសចរាចរណ៍ នៅតាមផ្លូវជុំវិញគ្រឹះស្ថានសិក្សា ក៏ឯកឧត្តម សុខ ពេញវុធ បានសម្តែងការគាំទ្រការលើកឡើង និងបានបញ្ជាក់ថា កិច្ចការទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ និងកំពុងតែសិក្សា ក៏ដូចជាអនុវត្តផងដែរ ធ្វើយ៉ាងណា កាត់បន្ថយនូវគ្រោះថ្នាក់នានា ដល់សិក្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ ដោយឡែក សំណូមពរ ក្នុងការស្តាលូ នៅតាមគ្រឹះស្ថានសិក្សា ក៏ត្រូវបានឯកឧត្តមអភិបាលរង ឯកភាព និងសម្រេចប្រគល់ភារកិច្ចជូនអង្គភាពពាក់ព័ន្ធ ដោះស្រាយជូនផងដែរ។ ស្ថានភាពការគ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ត្រូវបានដោះស្រាយបានយ៉ាងល្អជូនពលរដ្ឋ ជាពិសេសបណ្តាខណ្ឌកណ្តាលរាជធានីភ្នំពេញតែម្តង ដែលបានបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវយ៉ាងល្អប្រសើរ។ មានការចូលរួមយ៉ាងសកម្ម និងមានការផុសផុលល្អពីប្រជាពលរដ្ឋ បើទោះបីជាសំណើ និងសំណូមពរផ្ទាល់មាត់ មានចំនួនតិចក្តី មានការចូលរួមបន្ថែម តាមរយៈការសរសេរជាលិខិតលាយលក្ខណ៍អក្សរ ដើម្បីរួមចំណែកជាមួយអាជ្ញាធរ អាចបំពេញនូវចំណុចខ្វះខាត ក៏ដូចជាឆ្លើយតបឱ្យបានទាន់ ពេលវេលា ជូនពលរដ្ឋ ដែលជួបប្រទះបញ្ហាប្រឈមនានា៕
ដោយ សួស សំរិត





