អង្គការ Plan កំពុងដឹកនាំយុទ្ធនាការ បញ្ឈប់ការរៀបការវ័យក្មេង ដើម្បីបង្កើនការយល់ដឹងពីហានិភ័យនៃការរៀបការមិនគ្រប់អាយុ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ -- អង្គការ Plan International Cambodia បាននិងកំពុងដំណើរការយុទ្ធនាការ “បញ្ឈប់ការរៀបការវ័យក្មេង”(End Child Marriage) ដោយមានគោលបំណងបង្កើនការយល់ដឹង និងការពារសិទ្ធិក្មេងស្រីជាសកល។ យុទ្ធនាការនេះ ផ្តោតលើការបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍មុនអាយុ ដែលនៅតែជាបញ្ហាដែលកើតមានស្ថិតក្នុងសហគមន៍ជនបទដែលដាច់ស្រយាល់ បណ្តាលឱ្យក្មេងស្រីមួយចំនួនបាត់បង់ឱកាសក្នុងការរៀនសូត្រ និងអនាគតដ៏វែងឆ្ងាយរបស់ពួកគេ។

លោក យី គឹមថាន នាយកអង្គការភ្លែនអន្តរជាតិកម្ពុជាបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា យុទ្ធនាការបញ្ឈប់ការរៀបការវ័យក្មេង បានចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅកម្ពុជា តាំងពីឆ្នាំ ២០២០ ដែលដំបូងគឺនៅក្នុងខេត្តរតនគិរី និងខេត្ដស្ទឹងត្រែង។
យោងតាមរបាយការស្រាវជ្រាវ នៅបណ្ដាខេត្តចំនួន៩ ដែលរៀបចំដោយក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជានៅឆ្នាំ២០២៤ បានបង្ហាញឱ្យដឹងថា មានក្មេងស្រីណចំនួន ១៤.៤៤% បានរៀបការនៅមុនអាយុ ១៨ឆ្នាំ និងក្មេងប្រុសប្រមាណ ២.៩៦% បានរៀបអាពាហ៍ពិពាហ៍នៅចន្លោះអាយុ ១៥ ដល់ ១៨ឆ្នាំ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ការរៀបអាពាហ៍ពិពាហ៍មុនអាយុ ១៥ឆ្នាំ មានអាត្រាប្រេវ៉ាឡង់ ០.៥%។

របាយការណ៍នេះ សបង្ហាញឱ្យឃើញថា ចំនួនក្មេងស្រីមានច្រើន ជាងក្មេងប្រុស ដែលបានរៀបអាពាហ៍ពិពាហ៍នៅមុនពេលដែលពួកគេពេញវ័យ ឬមានអាយុ ១៨ ឆ្នាំ ដែលជាមូលហេតុបណ្តាលឱ្យក្មេងស្រីជាច្រើនបាត់បង់ឱកាសក្នុងការរៀនសូត្រ និងការងាសមរម្យសម្រាប់អនាគតរបស់ពួកគេ ដែលនេះជាបញ្ហាប្រឈមមួយដែល យុទ្ធនាការខាងលើព្យាយាមដោះស្រាយ។
លោក យី គឹមថាន បានលើកឡើងទៀតថា យុទ្ធនាការផ្លាស់ប្តូរផ្នត់គំនិតនៃការរៀបអាពាហ៍ពិពាហ៍វ័យក្មេងនេះ ពុំមែនជាការងាយស្រួលនោះទេ វាត្រូវការពេលវេលា និងការយកចិត្តទុកដាក់ច្រើន ព្រោះឪពុកម្តាយមួយចំនួននៅតែយល់ថាការរៀបអាពាហ៌ពិពាហ៌វ័យក្មេងជារឿងធម្មតា ហើយម៉្យាងទៀតគឺកុមារផ្ទាល់ដែលរងឥទ្ធផលពីបណ្តាញសង្គមនានា ធ្វើឱ្យពួកគេប្រព្រឹត្តជ្រុលជ្រួសហើយបណ្តាលឱ្យមានការរៀបការនៅវ័យក្មេង។ លោកបានសង្កត់ធ្ងន់ថា៖ «គោលដៅសំខាន់នៃ យុទ្ធនាការនេះ គឺបង្កើនការយល់ដឹង ដល់អាណាព្យាបាល និង កុមារនូវជុំវិញបញ្ហានេះ ព្រមទាំងធ្វើយ៉ាងណាឱ្យរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធរួមគ្នាក្នុងការលុបបំបាត់ការរៀបការនៅ វ័យក្មេង និងជាពិសេសជំរុញដល់ក្មេងស្រីឱ្យរៀនសូត្របានខ្ពង់ខ្ពស់ និងមានអនាគតល្អ។

លោកបានបន្ថែមថា បច្ចុប្បន្នអង្គការភ្លែន បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងកិច្ចការនារី ក្នុងការរៀបចំផែនការជាតិក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងបញ្ហារៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។
ទាក់ទងនឹងបញ្ហានេះដែរ លោកស្រី ស ស៊ីណែត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារីបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌កម្ពុជា AKP ឱ្យដឹងផងដែរថា ពាក់ព័ន្ធនឹងការរៀបការវ័យក្មេងនេះ ក្រសួងកិច្ចការនារីបានរៀបចំ និងផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី អាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង។ លោកស្រីបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងកិច្ចការនារី បាននិងកំពុងរៀបចំផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ដោយអនុវត្តន៍វេទិកា យុទ្ធនាការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការចូលរួមកម្មវិធីពាក់ព័ន្ធនឹងការពង្រឹងភាពអង់អាចរបស់ក្មេងស្រី យុវជន ព្រមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិរបស់ក្មេងស្រីនិងយុវជន។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «ក្រសួងនៅតែធ្វើការយ៉ាងសកម្មជាមួយអ្នកពាក់ព័ន្ធ ដោយមានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងការរៀបចំបញ្ចប់ និងឈានដល់ការផ្សព្វផ្សាយជាផ្លូវការនូវផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់។ ទន្ទឹមនេះ រៀបចំការអនុវត្តសកម្មភាព និងគាំទ្រលើការអនុវត្តផែនការជាតិ និងរៀបចំយុទ្ធនាការរយះពេល១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី និងរៀបចំយុទ្ធនា់ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង ព្រមទាំងរៀបចំសម្ភារះ ឬឧបករណ៍ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ដោយផ្ទាល់ និងតាមរយះអនឡាញ។»
បើតាមលោកស្រី ស ស៊ីណែត តាមរយៈការរៀបចំផែនការសកម្មភាពជាតិ ការចូលរួមអនុវត្តល្អជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ ជាពិសេសកិច្ចសហការល្អ និងគាំទ្រពីអង្គការភ្លែន ក្រសួងកិច្ចការនារីសង្ឃឹមថា បញ្ហាអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់នៅកម្ពុជា នឹងមានការកាត់បន្ថយនៅកម្រិតទាប។
គួរបញ្ជាក់ផងដែរថា ក្រៅពីយុទ្ធនាការបញ្ឈប់ការរៀបការនៅវ័យក្មេងនេះ អង្គការភ្លែនអន្តជាតិកម្ពុជាបាននិងកំពុងអនុវត្តន៍ផែនការធំៗចំនួនបួនទៀតរួមមាន៖ កម្មវិធីសុខភាពល្អដែលផ្តោតលើកុមារអាយុក្រោម៦ឆ្នាំ កម្មវិធីកិច្ចការពារជំនាន់ថ្មីផ្ដោតលើការការពារកុមារពីគ្រប់ទម្រង់នៃការរំលោភបំពាន កម្មវិធីរៀនពេញមួយជីវិតដែលផ្តោតលើការពង្រឹងគុណភាពការអប់រំ និងចុងក្រោយគឺកម្មវិធីក្មេងស្រីជាអ្នកដឹកនាំ ដែលពង្រឹងលើសមត្ថភាពរបស់ក្មេងស្រីឱ្យក្លាហានសម្រេចចិត្តលើអនាគតរបស់ខ្លួន៕
ដោយ៖ ឡាច សុជាតា





