សម្ដេចតេជោ ហ៊ុន សែន៖ ម៉ាឡេស៊ី គឺជាប្រទេសទី១ ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោនកាលឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណម៉ាឡេស៊ី ដែលកន្លងមកបានជួយទិញអង្ករពីកម្ពុជា ដោយម៉ាឡេស៊ី គឺជាប្រទេសទី១ ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោនកាលឆ្នាំ២០២៤ ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ីនឹងជួយទិញផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំនានានៅកម្ពុជាផងដែរ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តម និងសហការីនាពេលនេះ ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនាពេលបច្ចុប្បន្ន មានភាពរឹងមាំ ហើយទំនាក់ទំនងនេះ មិនមែនត្រឹមតែទំនាក់ទំនងការទូត ឬក៏នយោបាយទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ក៏មានភាពរឹងមាំផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីក៏បានលើកឡើងមួយចំនួនទៅកាន់សម្ដេចតេជោ ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យអាហារហាឡាល់នៅកម្ពុជា ដោយឯកឧត្តមចង់ជំរុញឱ្យវិស័យនេះកើតចេញជារូបរាង និងមានភាពរីកចម្រើននៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា នឹងមានគណៈកម្មការមួយ ដើម្បីសិក្សានិងធ្វើទៅលើកិច្ចការងារ និងជំរុញទៅដល់វិស័យអាហារហាឡាល់នៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីក៏បានរំលេចអំពីការពង្រីកនូវទំនាក់ទំនងផ្នែកទេសចរណ៍ ដែលឧត្តម ចង់ជំរុញឱ្យវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ីកាន់តែរីកចម្រើន ហើយម៉ាឡេស៊ី ក៏បានត្រៀមខ្លួនក្នុងការទទួលនូវទេសចរណ៍កម្ពុជា ជាពិសេសគឺទេសចរណ៍ផ្នែកសុខាភិបាល ដែលទៅទទួលសេវាពិនិត្យសុខភាពនៅក្នុងប្រទេសម៉ាឡេស៊ី។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ម៉ាឡេស៊ី នឹងពិនិត្យមើលជាក់ស្ដែង ដើម្បីធ្វើយ៉ាងណាអាចមានលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចំពោះការពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែរីកចម្រើន។ សម្ដេចតេជោ បានកត់សម្គាល់ថា ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដើរទៅស្របគ្នាទាំងសេដ្ឋកិច្ច និងនយោបាយ ការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ រវាងប្រទេសទាំងពីរត្រូវតែធ្វើយ៉ាងណា ឱ្យមានភាពរីកចម្រើនដូចគ្នាដែរ។ សម្ដេចតេជោ ក៏បានកត់សម្គាល់ដែរថា ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី មានការកើនឡើង ប៉ុន្តែសម្ដេចចង់ជំរុញឱ្យរដ្ឋាភិបាលប្រទេសទាំងពីរធ្វើយ៉ាងណា ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។
ទាក់ទងទៅនឹងទេសចរណ៍សុខាភិបាល សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានឯកភាពទៅនឹងការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយសម្ដេចតេជោបានផ្ដល់យោបល់ថា ម៉ាឡេស៊ី គួរតែបង្កើតមជ្ឈមណ្ឌលផ្ដល់ព័ត៌មានមួយពីការផ្ដល់សេវាសុខាភិបាលនៅកម្ពុជា អំពីការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ីដែលជាផ្នែកមួយឱ្យប្រជាពលរដ្ឋចង់ទៅព្យាបាលនៅម៉ាឡេស៊ីអាចស្វែងយល់បន្ថែមទៀតនៅក្នុងការសិក្សា ក៏ដូចជា ស្វែងរកជម្រើសក្នុងការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ី។ ចំពោះវិស័យអាហារហាឡាល់ សម្ដេចតេជោបានលើកឡើងផងដែរថា នេះជាបញ្ហាមួយដែលបានលើកឡើងយូរមកហើយ ដោយសម្ដេចសង្ឃឹមថា នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ ដែលប្រទេសទាំងពីរអាចធ្វើបានក្នុងកិច្ចសហការជាមួយគ្នា។
ទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាក៏បានពន្យល់ទៅកាន់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ រំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់ និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បានគឺមិនត្រូវការឱ្យប្រទេសណាមួយ សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់កម្ពុជា ទៅថ្កោលទោសប្រទេសណាទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បានគឺការធ្វើយ៉ាងណាជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងកម្ពុជា និងថៃឡើងវិញ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ។ សម្ដេចតេជោបានបង្ហាញនូវការគោរពចំពោះតួនាទីស្នូលរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានសារៈសំខាន់ណាស់ក្នុងការធ្វើយ៉ាងណា ទាំងការធានាបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ក្នុងឋានៈឯកឧត្តមជាប្រធានអាស៊ាន។ សម្ដេចតេជោ ក៏បានលើកឡើងពីបញ្ហាមីយ៉ាន់ម៉ា ទីម័រឡេស្ដេ ដែលម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ក៏សម្រួលជួយក្នុងការឱ្យទីម័រឡេស្ដេ ចូលជាសមាជិកអាស៊ានពេញសិទ្ធិក្នុងពេលខ្លីខាងមុខនេះផងដែរ៕
ដោយ៖ ជឹម ណារី





