រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ"
AKP កំពង់ស្ពឺ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងសោយទិវង្គត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយពិធីប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងរំលឹកថា ការយាងចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់មហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដោយក្នុងពេលព្រះអង្គមានព្រះជន្ម បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕


ដោយ លឹម សាន្ត





