រដ្ឋបាលខេត្តតាកែវបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រយៈពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត
AKP តាកែវ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥--នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវបានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រយៈពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ-ចៅសង្កាត់ និងមេប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង១០០ទូទាំងខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ក់ ជីតូ បានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានល្អប្រសើរ។ ជាពិសេសបញ្ហាក្មេងទំនើងត្រូវដាក់ចេញវិធានការឱ្យបានតឹងរ៉ឹង និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ បញ្ហាក្មេងទំនើងនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានដាក់វិធានការដ៏តឹងរ៉ឹងចំពោះជនបង្ក ដែលជាក្រុមក្មេងទំនើង។ ដូច្នេះសូមលោកស្នងការ លោកអធិការនគរបាលក្រុង-ស្រុក រួមនឹងប៉ុសិ៍្តរដ្ឋទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់។ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ចុះតាមដានជាប្រចាំ និងកំណត់មុខសញ្ញាក្រុមក្មេងទំនើង បងតូចបងធំ ដែលតែងតែបង្កភាពអនាធិបតេយ្យតាមដងផ្លូវ និងទីប្រជុំជននានា ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា គ្មានការយោគយល់អ្វីទាំងអស់។

ឯកឧត្តមរដ្ឋលេខាធិការបានសង្កាត់ធ្ងន់ថា ចំពោះក្រុមក្មេងទំនើងដែលមានវត្ថុតាង ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងចាត់បញ្ជូនទៅកាន់តុលាការឱ្យបានលឿនបំផុត។ ដើម្បីរួមចំណែកកាត់បន្ថយអត្រាក្មេងទំនើងក្នុងខេត្ត និងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តតាកែវបានអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។ លទ្ធផលទាំងអស់នេះជោគជ័យទៅបាន ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់អាជ្ញាធរមូលដ្ឋាន រួមនឹងភាគ្គីពាក់ព័ន្ធទាំងអស់ផងដែរ។ ទន្ទឹមនឹងនេះ យើងក៏បានជំរុញដល់អាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធចូលរួមឱ្យសកម្មលើកិច្ចការងារនេះ។ ពិសេសត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗទៀតដែលបង្កអសន្ដិសុខដល់សង្គមជាតិ។
ឯកឧត្តមក៏បានលើកឡើងផងដែរពីបញ្ហាបរិស្ថាន អនាម័យ សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាល មកពីគ្រោះមហន្តរាយនិងជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
ដោយ អ៊ុច សៀង





