ស្ថានភាព និងការរំលោភបំពានរបស់កងកម្លាំងថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ (យប់ថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥)
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥--ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបន្តរក្សាភាពតានតឹងដដែល ដោយសារតែភាគីថៃបានបន្តសកម្មភាពរំលោភបំពាន និងបង្កការយាយីផ្លូវចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលយប់ថ្ងៃទី១៣ រហូតដល់ព្រឹកព្រលឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ ការរំលោភបំពាននេះជាផ្នែកមួយនៃការប្រើប្រាស់សង្គ្រាមផ្លូវចិត្ត (Psychological Warfare) ដែលភាគីថៃបានប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបង្អាក់ដំណេក និងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងកងកម្លាំងការពារព្រំដែនកម្ពុជា ស្របពេលដែលភាគីថៃក៏បានបន្តសកម្មភាពឈូសឆាយដីក្នុងតំបន់មានជម្លោះផងដែរនាពេលថ្មីៗនេះ។

សេចក្តីរាយការណ៍ពីការវិវត្តស្ថានការណ៍៖ ១. ភូមិជោគជ័យ ភាគីថៃបានបន្តប្រើប្រាស់ ឧបករណ៍បំពងសំឡេងខ្លាំងៗ ដោយចាក់បញ្ចូលនូវបទភ្លេង សំឡេងខ្មោច សំឡេងឆ្កែលូ និងចម្រៀងនានា ក្នុងគោលបំណងយាយី។ សកម្មភាពចាក់សំឡេងយាយីនេះបានចាប់ផ្តើមពីម៉ោង២១៖២០នាទី (ម៉ោង៩៖២០នាទីយប់) រហូតដល់ម៉ោង២៣៖៤៧នាទី (ម៉ោង១១៖៤៧នាទីយប់) ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ២. ភូមិព្រៃចាន់ ភាគីថៃបានបន្តប្រើប្រាស់ ឧបករណ៍បំពងសំឡេងខ្លាំងៗ ដូចគ្នានឹងសកម្មភាពនៅភូមិជោគជ័យដែរ។ ការចាក់សំឡេងយាយីនេះមានរយៈពេលយូរជាង ដោយចាប់ផ្តើមពីម៉ោង១៨៖៤២នាទី (ម៉ោង៦៖៤២នាទីល្ងាច) រហូតដល់ម៉ោង១៖០៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ការប្តេជ្ញាចិត្តរបស់អាជ្ញាធរ និងប្រជាពលរដ្ឋកម្ពុជា ចំពោះមុខនៃសកម្មភាពរំលោភបំពាន និងការយាយីផ្លូវចិត្តឥតឈប់ឈរនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋមូលដ្ឋាន បានអះអាងពី ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
អាជ្ញាធរកម្ពុជានៅតែប្រកាន់នូវជំហរ អត់ធ្មត់ខ្ពស់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីបញ្ចប់ជម្លោះព្រំដែនដ៏តានតឹងនេះ៕
ដោយ ឈុន សារ៉ាត





