សេចក្តីប្រកាសព័ត៌មានរួម៖ ការបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលបន្សល់ទុកនូវកេរដំណែល និងផលជះយូរអង្វែងដល់ការរីកចម្រើនរបស់វិស័យជលផលនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- ការបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលបានបន្សល់ទុកនូវកេរដំណែល និងផលជះយូរអង្វែងដល់ការរីកចម្រើនរបស់វិស័យជលផលនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានជលផលកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជា និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្នុងឱកាសនៃការប្រកាសបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ក្រោមប្រធានបទ «បរិវត្តកម្មជលផលដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន» នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមអនុវត្តរហូតមកដល់ពេលនេះគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលបានបង្កើនផលិតភាពផលជលផលក្នុងស្រុកដោយគិតគូរជាចម្បងលើគុណភាព សុវត្ថិភាព និងនវានុវត្តន៍ និងបង្កើនភាពប្រកួតប្រជែងលើទីផ្សារបានកាន់តែទូលំទូលាយ។ គិតមកត្រឹមពេលនេះសហគ្រាសចំនួន២២ ទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាបញ្ជាក់គុណភាពកម្ពុជា (CQS) និងសហគ្រាសចំនួន៤ ទទួលបានវិញ្ញាបនបត្រ HACCP ហើយសហគ្រាសចំនួន៤២ បានអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារ ហើយពួកគេទាំងអស់បានបង្កើនប្រតិបត្តិអាជីវកម្ម ដោយសារពួកគេមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារបានល្អប្រសើរជាងមុន ហើយអាចផលិត និងផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារបានច្រើនមុខជាងមុន។ សមិទ្ធផលនេះមានន័យថាអតិថិជន និងអ្នកបរិភោគទទួលបានផលិតផលជលផលដែលមានគុណភាព សុវត្ថិភាព និងជីវជាតិបានច្រើនជាងមុន ដែលអាចរកបានតាមទីផ្សារនានា។ លើសពីនេះសហគ្រាសទាំងនោះក៏បានចូលរួមក្នុងការបង្កើនការងារ ប្រាក់ចំណូលក្នុងសហគមន៍មូលដ្ឋានថែមទៀតផង។
ជាមួយគ្នានេះគម្រោងក៏បានការពង្រីកឱកាសការងារយ៉ាងច្រើន ជាពិសេសសម្រាប់ស្ត្រីនៅក្នុងផ្នែកជលផលក្រោយប្រមូលផល។ សហគ្រាសជលផលខ្នាតតូច និងនៅតាមទីជនបទដែលទទួលបានការគាំទ្រមានលទ្ធភាពអាចប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលការការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិត ផល និងឱកាសចូលរួមការតាំងបង្ហាញផលិតផលបានច្រើនជាងមុន។ ទាំងនេះបានជួយឱ្យពួកគេអាចប្រកួតប្រជែងលើទីផ្សារ និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិប្រកបដោយចីរភាព៕



ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





