អភិបាលខេត្តកណ្តាល និងអគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ប្រជុំពិភាក្សាបញ្ហាទឹកស្អាត និងតម្លៃសេវាទឹកស្អាត ក្នុងសង្កាត់រកាខ្ពស់
AKP កណ្ដាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារទឹកស្អាត និងតម្លៃសេវាទឹកស្អាត នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការបញ្ជាក់អំពីការងារបច្ចេកទេសក្នុងផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងបញ្ហាប្រឈមនានាជូនដល់អង្គប្រជុំរួចមក ឯកឧត្តម គួច ចំរើន បានស្នើដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជា រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ សូមសម្របសម្រួលគ្នា ខិតខំស្វែងរកដំណោះស្រាយមួយដែលសមស្រប អាចទទួលយកបានទាំងអស់គ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលប្រឈមទៅមើលដល់កន្លែងផលិតទឹក ស្វែងយល់អំពីការផលិត និងការចំណាយថ្លៃដើមក្នុងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីមានមូលដ្ឋានក្នុងការប្រជុំដោះស្រាយនៅពេលខាងមុខឱ្យទទួលបានលទ្ធផលដែលអាចទទួលយកបានទាំងអស់គ្នា៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





