ឯកឧត្តមហួត ហាក់ ជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍សំបូរព្រៃគុក
AKP កំពង់ធំ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥-- កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសហការី លោក ងួន រាសី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍សំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃុន សុខា ប្រធានសហគមន៍ទេសចរណ៍សំបូរព្រៃគុក បានគូសបញ្ជាក់ថា សហគមន៍បង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ដោយមានការឯកភាពពីប្រជាពលរដ្ឋ សហការជាមួយសាកលវិទ្យាល័យវ៉ាសេដាប្រទេសជប៉ុន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ និងរដ្ឋបាលខេត្តកំពង់ធំ។ សហគមន៍មានសមាជិកចំនួន៧ភូមិគឺ៖ ភូមិសំបូរ ភូមិកំពង់ឈើទាល ភូមិអូរគ្រូកែ ភូមិសំរិត ភូមិជាយសំពៅ ភូមិអាត់ស៊ូ និងភូមិពោធិ៍ទ្រេត និងគ្រប់ម្ចាស់សេវាកម្មទាំងអស់របស់សហគមន៍មានដូចជាផ្ទះស្នាក់ អាហារដ្ឋាន អ្នកដឹកជញ្ជូន មគ្គុទេសទេសចរណ៍សិប្បកម្មតម្បាញ នំបញ្ចុកនិងសិល្ប:។ល។ សហគមន៍បង្កើតឡើងក្នុងគោលបំណងរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ចងក្រងសេវាកម្មទេសចរណ៍ក្នុងសហគមន៍ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បង្កើនប្រាក់ចំណូលនិងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋក្នុងសហគមន៍។ ចូលរួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃព្រមទាំងបង្កើតទំនាក់ទំនងរវាងមនុស្ស ប្រាសាទបុរាណ និងធម្មជាតិ។ ចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជន និងជនជាតិដើមភាគតិចក្នុងសហគមន៍។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរទេសចរណ៍ខេត្តកំពង់ធំដែលបានចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងខេត្តកំពង់ធំជាពិសេសសហគមន៍ទេសចរណ៍សំបូរព្រៃគុកនេះត្រូវបានទទួលស្គាល់ពីថ្នាក់ជាតិនិងក្របខណ្ឌអាស៊ាន ដោយផ្ទះស្នាក់មួយចំនួនទទួលបានពានរង្វាន់ជាស្តង់ដាអាស៊ាន និងទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ភូមិមួយ ផលិតផលមួយ និងវិញ្ញាបនបត្រទទួលស្គាល់ជាសហគមន៍ឆ្នើមសម្រាប់ឆ្នាំ២០២២ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការខណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងកិច្ចសហការពីរដ្ឋបាលខេត្តកំពង់ធំក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំឆ្នាំ២០២៦-២០៣០បានមុនគេដោយការរៀបចំអភិវឌ្ឍន៍នៅខេត្តកំពង់ធំត្រូវបានបែងចែកជា៣ប៉ូលរួមមាន ១. ប៉ូលតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុកតភ្ជាប់ និងតំបន់ស្ទឹងព្រៃប្រស់។ ២. ប៉ូលទេសចរណ៍វប្បធម៌សាសនានិងធម្មជាតិភ្នំសន្ទុកនិងទី៣ប៉ូលទេសចរណ៍ទីក្រុងស្ទឹងសែនមានទាំងពេលថ្ងៃនិងពេលរាត្រីដោយមានការអភិវឌ្ឍន៏តំបន់ដងស្ទឹងសែនជាតំបន់ទេសចរណ៍។ ហេតុនេះគ្រប់តំបន់ទេសចរណ៍ត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ដែលមានស្រាប់ជំរុញការបង្កើតផលិតផលថ្មីៗ ពង្រឹងគុណភាពសេវាកម្មនិងសុវត្ថិភាពចំណីអាហារនិងអនាម័យដោយតោងយកចិត្តទុកដាក់នូវភាពស្អាតនិងបៃតង។ ជំរុញការផ្សព្វផ្សាយឱ្យបានទំលំទូលាយនិងការរៀបចំដោយសហការជាមួយវិស័យឯកជនក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តឱ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលទទួលផលដោយផ្ទាល់ផងក៏ដូចជាប្រជាលពលរដ្ឋនៅមូលដ្ឋានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់ប្រធាន អនុប្រធាន និងសមាជិកសហគមន៍ទេសចរណ៍សំបូរព្រៃគុក ទាំងអស់ត្រូវថែរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អ និងតាមដានវាយតម្លៃការងាររបស់ខ្លួនជាប់ជាប្រចាំ។ មន្ទីរទេសចរណ៍ខេត្តកំពង់ធំត្រូវយកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំឱ្យបានជោគជ័យ។ ចុះត្រួតពិនិត្យមើលនិងទទួលបានព័ត៌មានពីគ្រប់សហគមន៍តំបន់ទេសចរណ៍នានាតើមានបញ្ហាអ្វីខ្លះដែលកើតមានឡើង និងជំរុញការផ្សព្វផ្សាយពីសក្តានុពលរបស់សហគមន៍សំបូរព្រៃគុក និងប្រាសាទសំបូរព្រៃគុកព្រមទាំងតំបន់ទេសចរណ៍ផ្សេងៗទៀតឱ្យបានទូលំទូលាយ៕
ដោយ ស៊ុម វណ្ណា





