ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា -ថៃ នឹងអាចឈានទៅរកការដោះស្រាយដោយសន្តិវិធី ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ --
ឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្ដែងនូវក្ដីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចឈានទៅរកការដោះស្រាយដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ។ នេះបើយោងតាមការឱ្យដឹង របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម TANAKA Akihiko និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោបានបង្ហាញនូវក្តីរីករាយដែលបានជួបឯកឧត្តមជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបគ្នាកាលពី១០ឆ្នាំមុន នៅពេលដែលឯកឧត្តមបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធស្ពានមិត្តភាព កម្ពុជា-ជប៉ុន អ្នកលឿង កាលពីឆ្នាំ២០១៥។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជាសារជាថ្មីនេះ នឹងបានឃើញពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសតាមរយៈការជួយជ្រោមជ្រែងរបស់ជប៉ុនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយឯកឧត្តមបានលើកឡើងថា ១០ឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះ ហាក់បីដូចជាលឿនណាស់។ ឯកឧត្តមក៏បានមើលឃើញពីការប្រែប្រួលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយឯកឧត្តមបានសរសើរអំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែក ជាពិសេសការសហការជាមួយស៊ីម៉ាក់ក្នុងសកម្មភាពដោះមីននៅក្រៅប្រទេស រួមទាំងតួនាទីរបស់ JICA ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការសាងសង់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ ស្ពានគីសូណា ស្ពានអ្នកលឿង ការជួយកំពង់ផែស្វយ័តព្រះសីហនុ រួមទាំងផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ជាដើម។ល។


ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ចំពោះការចាប់អារម្មណ៍របស់ឯកឧត្តម នូវតួនាទីរបស់សម្ដេចកាលនៅជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោក៏បានមានប្រសាសន៍ អំពីតួនាទីរបស់ JICA ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា និយាយជារួមតួនាទីរបស់ជប៉ុនក្នុងការជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។ សម្ដេចតេជោបានបញ្ជាក់ថា ភាពរីកចម្រើននៅកម្ពុជាមិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា រួមទាំងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ សម្ដេចតេជោបានចែករំលែកនូវទស្សនៈទានមួយចំនួនដែលជាចក្ខុវិស័យ និងរំលឹកអំពីស្ថានភាពប្រវត្តិសាស្ត្រ និងការតស៊ូរបស់សម្ដេចក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ រួមទាំងការនាំកម្ពុជាមករកសន្តិភាពនៅចុងឆ្នាំ១៩៩៨ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានជម្រាបជូនប្រធានJICA ពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលប្រទេសទាំងពីរគួរតែជំរុញបន្ថែមទៀត ក្នុងតួនាទីរបស់JICA ក្នុងការរួមចំណែកពង្រីកទំនាក់ទំនង នឹងទៅលើវិស័យសំខាន់ៗជាច្រើនទៀត រវាងកម្ពុជា និងជប៉ុន។
ឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយ និងអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍អំពីប្រវត្តិនៃការតស៊ូ នាំប្រទេសកម្ពុជាមករកសុខសន្តិភាព និងការរីកចម្រើន។ ឯកឧត្តមក៏បានរំលេចអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ដែល JICA នឹងធ្វើបន្ថែមទៀត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ៕ដោយ៖ ជឹម ណារី





