សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយពីព្រះសង្ឃ ស្នងការដ្ឋាននគរបាលខេត្ត និងសប្បុរសជន ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយពីគណៈសង្ឃខេត្តព្រះសីហនុ ដឹកនាំដោយព្រះឧត្តម វិជ្ជា គង់ ប្រុស ព្រះមេគុណខេត្ត និងសហការី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសប្បុរសជនក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់កាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ "រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ"។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោកគ្រូព្រះចៅអធិការវត្ត មេគុណខេត្ត និងមន្ត្រីសង្ឃខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសប្បុរសជនដែលបានចូលរួមការងារមនុស្សធម៌ជាមួយសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេសបានចូលរួមគាំទ្រដល់វិរៈកងទ័ពរបស់យើង នៅសមភូមិមុខ ក៏ដូចជាជនភៀសសឹក ព្រោះវិស័យព្រះពុទ្ធសាសនា (អាណាចក្រ និងពុទ្ធចក្រយើងដើរជាមួយគ្នា)។ រាជរដ្ឋាភិបាលកម្ពុជាកំពុងដើរលើគោលនយោបាយអន្តរជាតិ។ កម្ពុជាមានឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់ ប្រកបដោយគុណធម៌ សីលធម៌ ហើយកម្ពុជាឈ្នះលើការងារការទូ តថែមទៀតផង កម្ពុជារក្សាភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែមិននៅស្ងៀមនោះទេ។ ទន្ទឹមនោះយើងកំពុងពង្រីកសេដ្ឋកិច្ចផ្ទៃក្នុងរបស់យើង ដើម្បីធ្វើការប្រកួតប្រជែងទៅនឹងផលិតផលពីបរទេស យើងរួមគ្នាគាំទ្រផលិតផលខ្មែរ បម្រើឱ្យទីផ្សារក្នុងស្រុក ទន្ទឹមនោះយើងពង្រឹងការផលិត ការលើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ។


ឯកឧត្តមបានធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ព្រះសង្ឃ លោក លោក ស្រី អ្នកនាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកា និងសម្ភារតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបលើក ទី១៦២ ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ក្នុង សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។


ឯកឧត្តមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ព្រះសង្ឃ លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹងចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ ក្រុមការងារមូលនិធិរបស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ រង់ចាំទទួលពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
សូមជម្រាបជូនថា អំណោយដែលទទួលបានមានដូចជា៖ ១. ពីគណៈសង្ឃខេត្តព្រះសីហនុ មានទេយ្យទានជាច្រើនមុខ និងថវិកា១០លានរៀល ២. ស្នងការនគរបាលខេត្តព្រះសីហនុ ថវិកាចំនួន ២៩ ៧២០ ០០០រៀល និងសប្បុរសជនថវិកា៥០ដុល្លារ៕
ដោយ ងូ សុមុនី





