ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា «ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនចុះជួយមានស្នាមញញឹម»
AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តី មុខងារសាធារណៈធ្វើការណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា «ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនចុះជួយមានស្នាមញញឹម» ក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា សមិទ្ធផលការងារជាច្រើនដែលក្រុមការងារគ្រប់គោលដៅសម្រេចបាន ជាពិសេសបានដោះស្រាយបញ្ហានានា ជូនទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ដែលជាសកម្មភាពដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាដែលកើតឡើងនានា តាមមូលដ្ឋាននីមួយៗ នៅទូទាំងប្រទេស ជាពិសេសជំរុញក្នុងការរៀបចំចុះបញ្ជីដីកម្មសិទ្ធិសហគមន៍ និងរៀបចំស្លាកលេខតាមលំនៅស្ថានរបស់ប្រជាពលរដ្ឋតាមបណ្ដាលក្រុង ឱ្យបានឆាប់បំផុតវានឹងផ្ដល់ស្នាមញញឹមដល់ប្រជាពលរដ្ឋ។


តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយរាល់កង្វល់នានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា “តាមរយៈលទ្ធផលការងារដែលសម្រេចបានខាងលើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមកាងារគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ថ្នាក់ យកចិត្តទុកដាក់បំពេញការងារ តួនាទី ភារកិច្ច របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៣ និងបន្តថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតបានក្រើនរំលឹកដល់មន្ត្រីរាជការ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺទាំងអស់ ជាពិសេសមន្ត្រីក្នុងសាលាខេត្តផ្ទាល់ ត្រូវរួមគិត រួមធ្វើ ហើយបន្តពង្រឹងសមត្ថភាពការងារ ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ៕
ដោយ លឹម សាន្ត





