ក្រសួងអប់រំប្រគល់កុំព្យូទ័រយួរដៃដល់សាលារៀនគោលដៅ ក្រោមការឧបត្ថម្ភដោយមន្ទីរអប់រំក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់កុំព្យូទ័រយួរដៃក្រោមការឧបត្ថម្ភដោយមន្ទីរអប់រំក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េដល់សាលារៀនគោលដៅចំនួន១០ មកពីខេត្តចំនួន៦ រួមមាន៖ ខេត្តតាកែវ កំពត កំពង់ចាម សៀមរាប ស្ទឹងត្រែង និងខេត្តបាត់ដំបង សម្រាប់ដំណើរការក្លិបឌីជីថលក្រៅម៉ោងសិក្សាដល់សិស្សានុសិស្សដែលចាប់អារម្មណ៍ការអប់រំសរសេរកូដ ការអភិវឌ្ឍកម្មវិធីទូរសព្ទដៃ និងការអប់រំបង្កើតហ្គេម ដែលជាកម្មវិធីអប់រំនវានុវត្តន៍ឌីជីថលសម្រាប់ជំរុញលើកកម្ពស់សមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសសិស្សស្រីឱ្យបន្តចាប់យកជំនាញ STEM និងបច្ចេកវិទ្យាសម្រាប់សិក្សានៅថ្នាក់ឧត្តមសិក្សា និងចាប់យកអាជីពការងារលើវិស័យទាំងនេះឱ្យកាន់តែច្រើនឡើងនាពេលអនាគត។

ក្នុងពិធីប្រគល់ និងទទួលកុំព្យូទ័រយួរដៃនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡានៅក្នុងអាណត្តិនេះដែលផ្ដោតសំខាន់លើការពង្រឹងគុណភាពអប់រំផ្នែកវិទ្យាសាស្ត្រ STEM និងបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពដ៏ចម្បងមួយនៃការអភិវឌ្ឍធនធានមនុស្ស ដោយលោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការសិក្សា ពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យសិស្សានុសិស្សអភិវឌ្ឍន៍ជំនាញសំខាន់ៗសម្រាប់អាជីពការងារដែលមិនអាចខ្វះបានក្នុងបរិបទថ្មីនេះ ហើយលើសពីនេះយើងត្រូវការចាំបាច់នូវការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យទទួលបានការបណ្ដុះបណ្ដាលការប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ការបង្រៀន និងរៀនឱ្យស្របនឹងវិធីសាស្ត្រនៃការអប់រំក្នុងសតវត្សទី២១ ដើម្បីឱ្យសិស្សានុសិស្សយើងទទួលបានបទពិសោធន៍ការសិក្សាដែលមានលក្ខណៈទំនើប អន្តរកម្ម និងអាចស្វ័យសិក្សាបានដោយខ្លួនឯង។

លោកជំទាវរដ្ឋលេខាធិការបានលើកទឹកចិត្តដល់សាលារៀនគោលដៅដែលទទួលបានសម្ភារនាពេលនេះ សូមយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការបង្រៀនដល់សិស្សានុសិស្សតាមរយៈការអនុវត្តកម្មវិធីអប់រំឌីជីថលដែលបានបង្កើតជាក្លិបសិក្សាឌីជីថលក្រៅម៉ោងបន្ថែមលើមុខវិជ្ជា ICT ដែលមានស្រាប់។ ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលារៀនត្រូវខិតខំផ្លាស់ប្តូរសាលារៀនដែលមិនមានសិស្សចង់រៀនមុខវិជ្ជាបច្ចេកវិទ្យាឌីជីថលទៅជាសាលារៀនដែលឈានមុខក្នុងការអនុវត្តកម្មវិធីសិក្សាបច្ចេកវិទ្យាបែបទំនើបដោយសិស្សានុសិស្សអាចសិក្សាតាមគោលវិធីសាស្ត្រថ្មី ដូចជាការផ្សារភ្ជាប់បច្ចេកវិទ្យានឹងការអប់រំបំណិនជីវិត ការសិក្សាតាមបែបគម្រោងជាដើម។ គ្រូបង្គោលនៅតាមសាលារៀនខាងលើត្រូវដឹកនាំសិស្សានុសិស្សឱ្យចេះស្វ័យសិក្សា បង្កើតចំណេះដឹងជំនាញឌីជីថលចាំបាច់ដោយខ្លួនឯងតាមរយៈកម្មវិធីឌីជីថលជាច្រើន និងលើកទឹកចិត្តសិស្សឱ្យចូលរួមប្រកួតប្រជែងកម្មវិធីបច្ចេកវិទ្យាកម្រិតសាកលលោកទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន ធ្វើយ៉ាងណាពង្រីកសក្ដានុពលរបស់សិស្សានុសិស្សឱ្យកាន់តែទូលំទូលាយលើការអប់រំបច្ចេកវិទ្យា។

សូមជម្រាបថា សាលារៀនដែលបានជ្រើសរើសខាងលើ គឺជាសាលារៀនដែលនៅតំបន់ដាច់ស្រយាល មិនមានបន្ទប់កុំព្យូទ័រសម្រាប់ដំណើរការបង្រៀន និងរៀនកម្មវិធីអប់រំបច្ចេកវិទ្យាឌីជីថលបានពេញលេញទេ ប៉ុន្តែជាសាលារៀនដែលបានអនុវត្តកម្មវិធីអប់រំឌីជីថលឈានមុខ ដោយបានបង្រៀនសិស្សានុសិស្សទទួលបានលទ្ធផលល្អ អាចចូលរួមប្រកួតកម្មវិធីប្រកួតប្រជែងទាំងក្នុងប្រទេស និងកម្រិតអន្តរជាតិបាន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





