ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារដោយមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក ចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។

ការដ្ឋានទាំងនោះរួមមាន៖ទី១- ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវកម្រាលបេតុ ១ខ្សែ មានប្រវែងសរុប ២៦,១០គ.ម ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង ១៦,៧១៥គ.ម ទទឹង ៨ម៉ែត្រ និងផ្លូវបេតុងប្រវែង ៩,៣៨៥គ.ម ទទឹងមានប្រវែងចន្លោះពី ៨ម៉ែត្រ ទៅ ១០ម៉ែត្រ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រ១១៧ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដល់ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ខ្សែផ្លូវនេះ ចាប់ផ្តើមសាងសង់ពីខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ៧៥% គ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។ ជារួមខ្សែផ្លូវមួយខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលតភ្ជាប់ទីប្រជុំជនស្រុកថ្មបាំងមកផ្លូវជាតិលេខ៤៨ និងឆ្ពោះទៅក្រុងខេមរភូមិ ដែលជាទីប្រជុំជនសំខាន់របស់ខេត្តកោះកុង។ ទី២- ស្រះទឹកសហគមន៍១កន្លែង ស្ថិតនៅក្នុងភូមិ ត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ដែលមានបណ្ដោយប្រវែង ៤០ម៉ែត្រ និងទទឹង ៣៥ម៉ែត្រ មានសមត្ថភាពផ្ទុកទឹកបាន ៦ ៣០០ ម៉ែត្រគូប។ ស្រះសហគមន៍នេះ ត្រូវបានសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២៤សម្រាប់ បម្រើផលប្រយោជន៍ដល់ប្រជាជនក្នុងមូលដ្ឋានចំនួន ៥៨៤គ្រួសារ។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ឱ្យពន្លឿនការសាងសង់ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានាឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជន)





