ឯកឧត្តម គួច ចំរើន ជំរុញឱ្យអភិបាលក្រុង/ស្រុក យកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព
AKP កណ្ដាល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់មន្ទីរអង្គភាពជំនាញខេត្ត និងអភិបាលក្រុង-ស្រុក បន្តយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យការបំពេញការងារកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវចូលព្រលានយន្តហោះអន្តរជាតិ តេជោ ឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយជាប្រចាំនឹងមានសោភណ្ឌ័ភាព ក្នុងគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវទប់ស្កាត់ការលក់ដូរគ្រប់ប្រភេទនៅតាមសងខាងផ្លូវចូលព្រលានយន្តហោះអន្តរជាតិតេជោ គឺដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានឱ្យបានល្អប្រើសើរ។ ការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រដ្ឋបាលក្រុង ស្រុកត្រូវយកចិត្តទុកដាក់ និងពង្រឹងឱ្យបានម៉ឺងម៉ាត់ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់លើបទល្មើសនានាដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះផងដែរបញ្ហាចររាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមប្រសាសន៍របស់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមិនមានការផាកពិន័យ តែត្រូវបង្កើនវិធានការណ៍ អប់រំ ផ្សព្វផ្សាយ អោយបានទូលំទូលាយ លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ យកចិត្តទុកដាក់លើការសម្រួលសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រូវយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករអំពីការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ សូមកុំប្រលែងពាសវាលពាសកាលនៅលើផ្លូវ ដែលនាំឱ្យមានហានីភ័យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះចរាចរណ៍ ដែលកើតជាយថាហេតុផងដែរ។ អាជ្ញាធរទាំងអស់សូមយកចិចិត្តទុកដាក់លើករណីកម្ចីអត់ច្បាប់ ដោយតាមដានអោយបានជាប់ជាប្រចាំ ព្រោះករណីនេះអាចផ្តល់ជាគ្រោះថ្នាក់ដល់ជីវភាពប្រជាជន និងសង្គមជាតិរបស់យើងផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





