កម្ពុជា-ថៃ គ្រោងរៀបចំកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោក (JBC) នៅសប្តាហ៍ក្រោយ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥--
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC) គ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ខាងមុខនេះ នៅប្រទេសថៃ។
យោងតាមប្រភពព័ត៌មានដែលគួរទុកចិត្តបានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះថា គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) បានឯកភាពគ្នាជាគោលការណ៍ក្នុងការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយភាគីថៃនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ។
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) នេះ ធ្វើឡើងដើម្បីបន្តជជែកពិភាក្សា និងជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងថៃ ដែលភាគីទាំងពីរឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-ថៃ លើកទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ដោយ ផែន រតនៈ





