កម្ពុជាសម្រេចបាននូវសមិទ្ធថ្មីជាប្រវត្តិសាស្ដ្រនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅទូទាំងប្រទេស
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្រកម្ពុជាបង្ហាញឱ្យឃើញថាគ្រប់រាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF) ដោយពិធីនេះត្រូវបានរៀបចំឡើងនៅសាលមហោស្រពខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ និងដោយមានវត្តមានពីថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់។

លោកជំទាវ ឈី វ៉ា បានធ្វើរបាយការណ៍ស្វាគមន៍ដោយជម្រាបជូនអំពីស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ធ្វើឱ្យទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យ។ ជាក់ស្ដែង ក្នុងខេត្តកោះកុងមានប្រជាពលរដ្ឋសរុបចំនួន ១៥៦ ១០៧នាក់ ស្មើនឹង ៣៦ ៦០៨គ្រួសារ ក្នុងនោះគ្រួសារមានទឹកស្អាតប្រើប្រាស់ចំនួន ៩៦,៨៥% និងគ្រួសារមានបង្គន់អនាម័យប្រើប្រាស់ស្មើនឹង ១០០%។

ជាមួយគ្នានោះ លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្ដរជាតិប្រចាំកម្ពុជា បានថ្លែងសុន្ទរកថាអំពីចំណាប់អារម្មណ៍ក្នុងនាមតំណាងអង្គការដៃគូ ដោយបានសម្ដែងការអបអរសាទរ និងមោទនភាពចំពោះជ័យលាភី ODF របស់ខេត្តកោះកុង ក៏ដូចជាការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងប្រទេសកម្ពុជា ដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ទូទាំងប្រទេស។

ក្នុងពិធីនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកោះកុងសម្រេចបាននាពេលនេះ លើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សេម្តេចធិបតី ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូនានា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានជំរុញឱ្យខេត្តចំនួន១៩ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ ហើយជាក់ស្ដែងពិធីប្រកាសខេត្តកោះកុងជាខេត្តទី២៥ សម្រេចបាន ODF នាពេលនេះ។ សមិទ្ធផលនេះបង្ហាញថា ប្រជាជនកម្ពុជាគ្រប់រូបមានការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួន ដោយទទួលទានទឹកស្អាតដើម្បីធ្វើឱ្យមានសុខភាពល្អ ប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ ថែរក្សាបរិស្ថានរស់នៅល្អ ដើម្បីចៀសផុតពីជំងឺឆ្លងផ្សេងៗ ជាហេតុធ្វើឱ្យអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនកម្ពុជាកាន់តែវែង ដែលជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។ ឯកឧត្ដមរដ្ឋមន្រ្ដីបានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងបាន និងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលជាលទ្ធផលអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៩១.៩៨% ហើយប្តេជ្ញាចិត្តថាត្រូវតែសម្រេចឱ្យបាន១០០% នៅត្រឹមឆ្នាំ២០៣០។ សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ គឺកើតចេញពីគុណបំណាច់នៃ “សុខសន្តិភាព” ដែលបានមកពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បិតាសន្តិភាពកម្ពុជា ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបានដឹកនាំប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលជាបន្តបន្ទាប់ និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមដូចពាក្យថា “មានសន្តិភាព ទើបមានការអភិវឌ្ឍ”។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោលដៅឈានទៅសម្រេចឱ្យបានផែនការនៃអត្រាគ្របដណ្តប់ទឹក និងអនាម័យ ១០០% នៅទូទាំងប្រទេសនាឆ្នាំ២០៣០៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





