បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត បន្តឧបត្ថម្ភអង្ករ១០តោន ជូនរដ្ឋបាលក្រុងប៉ោយប៉ែត សម្រាប់កងទ័ពជួរមុខ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- រដ្ឋបាលក្រុងប៉ោយប៉ែតបានទទួលអំណោយជាអង្ករចំនួន១០តោនបន្ថែមទៀត ជាលើកទី៣ ពីក្រុមហ៊ុន បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត (The Park City Poipet) ក្នុងគោលបំណងដើម្បីយកទៅបែងចែកជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដីតាមតំបន់ព្រំដែន។ ពិធីទទួលអំណោយសប្បុរសធម៌នេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដែលបានការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនបុរី ដឹផាក ស៊ីធី ប៉ោយប៉ែត ដែលបានបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ជាមួយរដ្ឋបាលក្រុង។

ក្នុងឱកាសនោះ លោក គាត ហ៊ុល បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមហ៊ុន បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត (The Park City Poipet) ដែលបានឧបត្ថម្ភអង្ករចំនួន ១០តោន នេះ សម្រាប់ចូលរួមចំណែកជាមួយរដ្ឋបាលក្រុង ក្នុងការធ្វើជំនួយសប្បុរសធម៌នានា និងជាពិសេសសម្រាប់រដ្ឋបាលក្រុងយកមកប្រើប្រាស់ក្នុងការចែកជូនដល់កងទ័ពជួរមុខដែលឈរជើងការពារព្រំដែនរបស់យើង។”

លោកបានបន្ថែមទៀតថា អង្ករទាំង១០តោននេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការគិតគូរខ្ពស់របស់វិស័យឯកជន ក្នុងការលើកទឹកចិត្តដល់វីរកងទ័ព ដែលកំពុងបំពេញភារកិច្ចយ៉ាងក្លាហាន ក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពាននានា។
ជាមួយគ្នានោះ លោក គាត ហ៊ុល ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងតែបានបរិច្ចាគអំណោយដើម្បីជួយដល់កងទ័ពសមរភូមិមុខ និងបានបួងសួងប្រសិទ្ធិពរជ័យសិរីមង្គលមហាថ្លៃថ្លាជូនដល់ អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា ដែលជាម្ចាស់ក្រុមហ៊ុនបុរី ដឹផាក ស៊ីធី ប៉ោយប៉ែត ព្រមទាំងក្រុមការងារទាំងអស់ ឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ប្រកបទទួលទានមានបាន និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ។

សូមបញ្ជាក់ថា ការទទួលអំណោយជាអង្ករជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនឯកជនធំៗក្នុងខេត្តនេះ បានបង្ហាញពីកាយវិការដ៏ប្រពៃក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវការគាំទ្រ និងការលើកទឹកចិត្តដ៏កក់ក្តៅដល់កងទ័ពជាតិ ដែលជាកម្លាំងស្នូលក្នុងការការពារជាតិមាតុភូមិ៕
ដោយ ឈុន សារ៉ាត





