អភិបាលស្រុកមង្គលបូរីដឹកនាំកម្លាំងប្រមូលសំរាមនៅស្ពានតាផាន់ អំពាវនាវឱ្យពលរដ្ឋចូលរួមថែរក្សាបរិស្ថាន
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី បានដឹកនាំដោយផ្ទាល់នូវមន្ត្រីរដ្ឋបាលស្រុក រដ្ឋបាលឃុំឫស្សីក្រោក និងកម្លាំងភូមិ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ចុះធ្វើការប្រមូលសំរាម និងសម្អាតបរិស្ថាននៅចំណុចប្រឡាយស្ពានតាផាន់ ភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បន្ទាប់ពីសំរាមទាំងនោះត្រូវបានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចោលពាសវាលពាសកាលបណ្ដាលឱ្យប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថាន។

សកម្មភាពសម្អាតបរិស្ថាននេះបានប្រព្រឹត្តទៅយ៉ាងមមាញឹក ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់កម្លាំងទាំងអស់ដើម្បីលើកស្ទួយអនាម័យ និងកាត់បន្ថយការបំពុលបរិស្ថាននៅក្នុងមូលដ្ឋាន។ សំរាមដែលបានប្រមូលគឺភាគច្រើនជាថង់ប្លាស្ទិក សំណល់អាហារ និងកាកសំណល់ផ្សេងៗដែលត្រូវបានបោះចោលយ៉ាងអនាធិបតេយ្យនៅតាមប្រឡាយទឹកក្រោមស្ពាន។

ក្នុងឱកាសចុះសម្អាត លោកអភិបាលស្រុកបានធ្វើការអំពាវនាវយ៉ាងទទូចទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដោយបញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាល ជាពិសេសនៅតាមដងផ្លូវ និងប្រឡាយទឹក។ បរិស្ថានស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា។

លោកបានបន្ថែមទៀតថា «យើងមិនអាចពឹងផ្អែកតែលើអាជ្ញាធរតែម្យ៉ាងបានទេ ព្រោះបញ្ហាសំរាមគឺជាបញ្ហារួម។ យើងសូមសំណូមពរឲ្យបងប្អូនទាំងអស់គ្នា ចូលរួមទុកដាក់សំរាមក្នុងធុង ឬកន្លែងដែលបានកំណត់ត្រឹមត្រូវ ដើម្បីជំរុញធ្វើឱ្យភូមិដ្ឋានយើងគ្មានសំរាម មានសោភ័ណភាពស្រស់បំព្រង និងបង្កើនសុខភាពល្អដល់ប្រជាពលរដ្ឋទាំងអស់គ្នា»។
ទន្ទឹមនឹងនេះ អ្នកចូលរួមម្នាក់ក្នុងការសម្អាតនេះ ដែលជាតំណាងភូមិកោះកែវ បានសម្តែងការគាំទ្រចំពោះសកម្មភាពនេះ និងបានបញ្ជាក់ថា «ខ្ញុំពិតជាពេញចិត្តដែលឃើញថ្នាក់ដឹកនាំស្រុក ចុះមកធ្វើការងារនេះដោយផ្ទាល់។ ការចោលសំរាមគ្មានសណ្ដាប់ធ្នាប់ពិតជាធ្វើឲ្យប្រឡាយនេះមានក្លិនស្អុយ និងមានសត្វល្អិតច្រើន។ សកម្មភាពនេះគឺជារឿងល្អដែលជាគំរូ និងដាស់តឿនដល់ពលរដ្ឋផ្សេងទៀតឱ្យមានការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទក្នុងការទុកដាក់សំរាម»។
សូមបញ្ជាក់ថា យុទ្ធនាការចុះប្រមូលសំរាមនេះមិនត្រឹមតែជាការដោះស្រាយបញ្ហាជាក់ស្តែងនៅស្ពានតាផាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញនូវការយល់ដឹងនិងស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាបរិស្ថាន ដើម្បីភាពស្អាតស្អំនៃស្រុកមង្គលបូរីទាំងមូល៕
ដោយ ឈុន សារ៉ាត





