រដ្ឋបាលខេត្តបាត់ដំបងរៀបចំពិធីលែងកូនត្រីរាប់ម៉ឺនក្បាលទៅក្នុងអាងកំពីងពួយ
AKP បាត់ដំបង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីលែងកូនត្រី និងកូនបង្កងរាប់ម៉ឺនក្បាលទៅក្នុងអាងកំពីងពួយ ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ការលែងកូនត្រីក្នុងទិវាមច្ឆជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនភោគផលធនធានមច្ឆជាតិ។ ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបឆ្នាំនេះមានការកើនឡើង ខណៈរាជរដ្ឋាភិបាលបានផ្ដល់ការ
យកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារធនធានធម្មជាតិ។

ឯកឧត្តមបានដាក់បទបញ្ជាឱ្យរដ្ឋបាលក្រុង ស្រុក មន្រ្តីជំនាញ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារមច្ឆជាតិឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។ បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិហើយអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំព្រលែងមច្ឆជាតិឱ្យបានច្រើននៅតាមប្រភពទឹកធម្មជាតិ។

បើលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា មច្ឆជាតិជាង៩ម៉ឺនក្បាលត្រូវបានលែងចូលក្នុងអាងទឹកកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ រួមមាន៖ កូនបង្កង៥ម៉ឺនក្បាល ត្រីប្រា៣ពាន់ក្បាល ត្រីឆ្ពិន២ម៉ឺនក្បាល ត្រីព្រលូង១ម៉ឺនក្បាល ត្រីក្រាញ់៤ពាន់ក្បាល ត្រីអណ្តែងទន់៥ពាន់ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្តើកមួយចំនួន ដើម្បីធ្វើឱ្យបឹងនេះសម្បូរទៅដោយមច្ឆជាតិឡើងវិញ សម្រាប់បម្រើដល់សេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





