មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងភារកិច្ចការពារជាតិ និងបូរណភាពទឹកដី
AKP កំពង់ធំ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្ដីពីសង្គ្រាមឃ្លានពានកម្ពុជា និងការរំលោភបទឈប់បាញ់ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជាក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីយោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាច្រើននាក់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីសកម្មភាពជាក់ស្ដែងនៃការរំលោភបទឈប់បាញ់យ៉ាងគឃ្លើន ជាបន្តបន្ទាប់របស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានបន្តធ្វើសកម្មភាព យកគ្រឿងចក្រចូលឈូសឆាយដីធ្លីប្រជាពលរដ្ឋខែ្មរនៅភូមិព្រៃចាន់ និងចាក់ធុងបាស់បំពងសំឡេងរំខានមកលើប្រជាពលរដ្ឋខែ្មរ រួមមានទាំងអ្នកឈឺ មនុស្សចាស់ កុមារ និងជនពិការ នៅពេលយប់ស្ងាត់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តសិទ្ធិរស់នៅរបស់មនុស្សជាតិ តែក្រោមការដឹកនាំបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ-ធិបតី និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ យើងបានធ្វើការអត់ធ្មត់ក្នុងកម្រិតខ្ពស់ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលមានការគាំទ្រ និងសម្របសម្រួលពីឯកឧត្តម ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងតំណាងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ត្រូវបន្តត្រៀមខ្លួន និងគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងការពារបូរណភាពទឹកដី ។ទន្ទឹមនឹងនេះឧត្តមសេនីយ៍ទោ សោម ស៊ុនក៍បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ពនិងប្រជាពលរដ្ឋ ត្រូវពហិការមិនត្រូវប្រើប្រាស់ផលិតផលឬទំនិញថៃ នឹងមិនត្រូវប្រើប្រាស់ប្រាក់បាទរបស់ថៃនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជាជាដាច់ខាតព្រមទាំងជួយផ្សព្វផ្សាយជូនប្រជាពលករយើងដែលបានវិលត្រឡប់មកពីប្រទេសថៃវិញឱ្យគាត់បានយល់ជ្រូតជ្រាបអំពីសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលមានកន្លែងធ្វើការងាររាប់ម៉ឺនកន្លែងទទួលបងប្អូនដើម្បីបង្កលក្ខណៈងាយស្រួលឱ្យគាត់រកការងារធ្វើនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលសមរម្យ និងបង្កើនសេដ្ឋកិច្ចជាតិ រួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជារបស់យើង ក្នុងសុខសន្តិភាពឱ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿងថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ស៊ុម វណ្ណា





