ឧត្តមសេនីយ៍ទោ ហេង សុផល ផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដាក់គោលការណ៍មួយចំនួនដល់កងកម្លាំង និងពង្រឹងការងារមួយចំនួន ដល់ផែនការងារ និងការិយាល័យជំនាញ អនុវត្តឱ្យសម្រេចបានជោគជ័យបន្ថែមទៀត តាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ ហេង សុផល ថ្លែងសង្កត់ធ្ងន់លើការងារមួយចំនួន រួមមាន÷ ១-ពង្រឹងការងារគ្រប់គ្រងដឹកនាំបញ្ជា។ ២- បន្តពង្រឹងការប្រមូលផ្តុំកងកម្លាំងក្រោមឱវាទ ការអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ ការងារគោរពទង់ជាតិ វេនប្រចាំបញ្ជា ត្រៀមលក្ខណៈរួចជាស្រេច រង់ចាំទទួលបទបញ្ជា របស់ថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសកងអនុសេនាតូចទាំង០២ កង ដើម្បីគាំទ្រ ដល់សមរភូមិមុខ។ ៣- បន្តហ្វឹកហាត់លំហាត់របៀប វិន័យកងជួរ សណ្ដាប់ធ្នាប់ ប្រឆាំងបាតុកម្ម។ ៤- បន្តរក្សាការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហការល្អ គឺអនុវត្តតាមតួនាទីភារកិច្ច យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំនិងប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ៥- បន្តចូលរួមការងារសប្បុរសធម៌ ផ្ដល់ភាពកក់ក្ដៅ លើកទឹកចិត្ត ចែករំលែក ជួយយកអាសាគ្នា ទៅវិញទៅមកនាគ្រាជួបទុក្ខលំបាក។

ឧត្តមសេនីយ៍ស្នងការបានគាំទ្រ និងលើកទឹកចិត្តចំពោះសមិទ្ធផល ស្នាដៃ និងអំពើល្អនានារបស់បងប្អូនកងកម្លាំងយើងសម្រេចបាននាពេលកន្លងមក ព្រមទាំងណែនាំដល់បងប្អូន ត្រូវបន្តថែរក្សានូវអ្វីៗដែលមាននាពេលកន្លងមក ដើម្បីចូលរួមជ្រោមជ្រែងអភិវឌ្ឍជំនាញឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅធានា រក្សាសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ)





