អ្នកចិញ្ចឹមជ្រូកសហគមន៍កសិកម្មចំណារលើរីកចម្រើន ស្រុកស្ទោង ទទួលជំនួយឥតសំណង ៣២ ៥០០ដុល្លារពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា CASDP
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម ចុះកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន៣២៥០០ដុល្លារ ដល់បងប្អូនកសិករអ្នកចិញ្ចឹមជ្រូក ៣៨គ្រួសារ មកពីសហគមន៍កសិកម្មចំណារលើរីកចម្រើន ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានសមាជិកភាគច្រើនជាស្ត្រី សម្រាប់គាំទ្រជាទុនបដិភាគដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មកូនជ្រូក និងជ្រូកសាច់ ដូចជា សម្ភារសាងសង់ទ្រុងជ្រូក ម៉ាសុីនវ៉ៃកន្ទក់ ម៉ូទ័រហាន់ដើមចេក ម៉ូទ័របូមទឹក សម្ភារដាក់ចំណីជ្រូក និងមេ-បាជ្រូក។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ថា តាមរយៈផែនការពង្រឹងសមត្ថភាពផលិតកម្មនិងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ដែលគាំទ្រដោយគម្រោងCASDP សហគមន៍គ្រោងនឹងផលិតកូនជ្រូកយ៉ាងតិច ២ ០០០ក្បាល និងជ្រូកសាច់ជិត ៧ ០០០ក្បាល ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

ឯកឧត្តមបានបន្តថា សហគមន៍ក៏គ្រោងនឹងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបក្នុងពេលអនាគត ដោយសិក្សាពិនិត្យលទ្ធភាពទិញធាតុចូលរួមគ្នា ផលិតពូជកូនជ្រូករួមគ្នាដើម្បីផ្គត់ផ្គង់ដល់សមាជិកយកទៅចិញ្ចឹម និងចុះកិច្ចសន្យាតភ្ជាប់ទីផ្សារទុកជាមុនផងដែរ៕

ដោយ ណយ នឿន





