រដ្ឋមន្ត្រីក្រសួងទេសចរណ៍អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAនៅស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំសហការីក្រោមឱវាទជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន១២នាក់ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះនៅសាលាស្រុកបារាយណ៍ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តដល់សិស្សឱ្យមានការយល់ដឹងជ្រាលជ្រៅអំពីតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ដោយមានការអញ្ជើញចូលរួមពីលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ លោកសេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកបារាយណ៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សនីទ្ទេស Aទាំង១២នាក់នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍លើកឡើងពីសារសំខាន់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យទេសចរណ៍និងបានបង្ហាញពីសារៈសំខាន់នៃការអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិទាំងមូលពិសេសតម្រូវការវិស័យទេសចរណ៍សម័យថ្មី ដែលផ្អែកលើបច្ចេកវិទ្យានិងច្នៃប្រឌិត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តសិស្សឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សា តាមចំណង់ចំណូលចិត្តរៀងៗខ្លួន ដោយធ្វើការស្រាវជ្រាវ និងចូលរួមក្នុងសកម្មភាពសង្គមដើម្បីបង្កើនបទពិសោធន៍និងជំនាញអនាគត។ ក្រសួងទេសចរណ៍ក៏បានសន្យាផ្តល់ឱកាសសហការជាមួយសិស្សក្នុងកម្មវិធីសិក្សាពិសោធន៍ និងបណ្តុះបណ្តាលជាក់ស្តែង ដែលសិស្សានុសិស្សចង់ចូលរួមជាមួយវិស័យទេសចរណ៍ដើម្បីបន្ថែមចំណេះដឹងនិងប្រតិបត្តិ។

ក្នុងឱកាសនោះឯកឧត្តមបានឧបត្ថម្ភដល់សិស្សនិទ្ទេសAទាំង១២ នាក់ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រ០១គ្រឿង និងថវិកា៤០ម៉ឺនរៀល ព្រមទាំងលោកគ្រូអ្នកគ្រូទទួលបាននូវថវិកាមួយចំនួនផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាក់ និងសហការី និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជនលិចដាច់ផ្លូវមួយចំនួននៃស្រុកបារាយណ៍ ដោយឯកឧត្តមបានណែនាំឱ្យអាជ្ញាធរស្រុក ឃុំបន្តយកចិត្តទុកដាក់តាមដាន និងជួយសង្គ្រោះប្រជាពលរដ្ឋ សត្វពាហនៈផលដំណាំដែលបានប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ដើម្បីចៀសវាងនៅគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដោយយើងពុំបានដឹងមុន៕
ដោយ ស៊ុម វណ្ណា





