លោក កើត រ័ត្ន៖ ការជ្រើសជំនាញឯកទេសរៀនសូត្រគឺជាស្ពានសម្រាប់ចម្លងយើងឱ្យដល់ត្រើយនៅថ្ងៃអនាគត
AKP កំពង់ធំ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាអភិបាលវិទ្យាស្ថានក្រុងអង្គរ បានលើកឡើងថា ការជ្រើសរើសជំនាញឯកទេសរៀនសូត្រគឺជាស្ពានសម្រាប់ចម្លងយើងឱ្យដល់ត្រើយនៅថ្ងៃអនាគត ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦នៅវិទ្យាស្ថានក្រុងអង្គរសាខាខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរូលរួមពីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សតជាច្រើននាក់។

ក្រោយពីស្ដាប់របាយការណ៍គណៈគ្រប់គ្រង និងស្ដាប់បទឧទ្ទេសនាមរបស់លោកសាស្ត្រាចារ្យទៅតាមជំនាញនីមួយៗ រួចមក លោក កើត រ័ត្ន បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយក្រៃលែងនិងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយនិស្សិតដែលបានអញ្ចើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ នាពេលនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ការជ្រើសរើសជំនាញឯកទេសវិជ្ជាជីវៈសិក្សាទៅតាមមុខជំនាញជាទេពកោសល្យនិងចំណង់ចំណូលចិត្តរបស់ខ្លួនមិនមែនផ្អែកលើមរតកគ្រួសារតាមការណែនាំរបស់មិត្តភក្តិឬតម្រូវការទីផ្សារការងារតែម្យ៉ាងនោះទេ។ ម្យ៉ាងទៀតយើងត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវព្រោះវាជាស្ពានចម្លងទៅកាន់អនាគតការងារនិងជីវិតជោគជ័យ។ សិស្សនិស្សិត គួរជ្រើសរើសជំនាញឯកទេសដែលមានតម្រូវការទីផ្សារការងារខ្ពស់ដើម្បីងាយស្រួលស្វែងរកការងារធ្វើសមស្របនឹងចំណេះជំនាញ និងទទួលបានប្រាក់ខែសមរម្យ។ សាស្ត្រាចារ្យដែលបានបង្រៀននៅវិទ្យាស្ថានក្រុងអង្គរ សុទ្ធសឹងជាសាស្ត្រាចារ្យបង្រៀនជាច្រើនឆ្នាំមានបទពិសោធន៍មានចំណេះ ជំនាញច្បាស់លាស់។

វិទ្យាស្ថានក្រុងអង្គរត្រូវបានចាប់បដិសន្ធិឡើងលើទឹកដីខេត្តកំពង់ធំនេះអស់រយៈពេល២៥ឆ្នាំមកហើយ ដែលមាននិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួនជាង១ម៉ឺននាក់ និងកំពុងបន្តការសិក្សាក្នុងឆ្នាំសិក្សា២០២៤-២០២៥មានចំនួនជាង១ពាន់នាក់។ ទន្ទឹមនឹងនេះក្មួយៗនិស្សិតទាំងអស់បានសម្រេចចិត្តយ៉ាងត្រឹមត្រូវចុះឈ្មោះសិក្សានៅវិទ្យាស្ថានក្រុងអង្គរ ដែលមានទីតាំងក្នុងខេត្តកំពង់ធំ បង្ករភាពងាយស្រួលដល់និស្សិតដែលមានស្រុកកំណើតក្នុងខេត្តកំពង់ធំ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិតមិនសូវចំណាយថវិកាទៅលើការជួលបន្ទប់ស្នាក់នៅ ក៏ដូចជាការធ្វើដំណើរផ្លូវឆ្ងាយជាដើម។

លោក កើត រ័ត្ន បានសំណូមពរដល់ក្មួយៗទាំងអស់សូមមករៀនឱ្យបានទៀងទាត់ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីឱ្យការសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ការសិក្សាក្នុងឆ្នាំ២០២៥-២០២៦នេះសម្រាប់ប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី១២ត្រូវបន្តសិក្សាបរិញ្ញាបត្រយើងត្រូវរៀន ៩០០ម៉ោងក្នុងនោះ ជំនាញ ៤៥០ម៉ោងនិងបន្ថែមផ្នែកភាសារបរទេស ៤៥០ម៉ោង។
សូមជម្រាបជូនថាវិទ្យាស្ថានក្រុងអង្គរសាខាខេត្តកំពង់ធំ បាន និងកំពុងបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ និងបិរញ្ញាបត្រជាន់ខ្ពស់មាន០៤មហាវិទ្យាល័យរួមមាន៖ ១. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ២. មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច ៣. មហាវិទ្យាល័យវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា និងទី៤. មហាវិទ្យាល័យអប់រំ និងភាសា៕
ដោយ ស៊ុម វណ្ណា





