ការយាយីផ្លូវចិត្តនៅព្រំដែន៖ យោធាថៃបន្តចាក់សំឡេងរំខានដល់ប្រជាពលរដ្ឋខ្មែរនៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥--កាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ គឺជាយប់ទីបីហើយ ដែលប្រជាពលរដ្ឋខ្មែររាប់រយគ្រួសារនៅភូមិព្រៃចាន់ និងភូមិ ជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបន្តរងនូវការយាយីផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងក្រុមជ្រុលនិយមថៃ ដែលបានប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងៗចាក់សំឡេងរំខានដល់ដំណេក និងការរស់នៅរបស់ពួកគេ។ សកម្មភាពដែលកម្ពុជាចាត់ទុកថាជា «អមនុស្សធម៌» និងជាការរំលោភសិទ្ធិមនុស្សនេះ បានបង្កការភ័យខ្លាចយ៉ាងខ្លាំង ជាពិសេសចំពោះជនងាយរងគ្រោះដូចជា ក្មេងៗ ចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និង អ្នកជំងឺ ដែលមិនអាចសម្រាកបានពេញលេញ។

យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន និងការរៀបរាប់របស់ប្រជាពលរដ្ឋ សកម្មភាពចាក់សំឡេងរំខាននេះបានកើតឡើងតាំងពីយប់ថ្ងៃទី១០ ខែតុលា និងបានបន្តដល់យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។ របាយការណ៍បានឱ្យដឹងថា យោធាថៃបានប្រើប្រាស់សំឡេងចម្លែកៗជាច្រើនប្រភេទដូចជា សំឡេងខ្មោចយំ សំឡេងឆ្កែព្រុស/ឆ្កែលូ សំឡេងយន្តហោះចម្បាំង និង សំឡេងរថពាសដែក ដែលមានកម្រិតខ្លាំង រំខានដល់ផ្លូវចិត្ត ស្មារតី និងសតិអារម្មណ៍របស់អ្នកភូមិ។

កំណត់ហេតុសង្ខេបរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១១ ខែតុលា ភាគីថៃបានបន្តប្រើឧបករណ៍បំពងសំឡេងទាំងនោះនៅភូមិទាំងពីរ។ គួរកត់សម្គាល់ថា ពួកគេបាន ផ្អាកចាក់សំឡេងភ្លាមៗ ក្នុងអំឡុងពេលដែល ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទៅដល់ភូមិព្រៃចាន់ ប៉ុន្តែបានបន្តប្រព្រឹត្តសកម្មភាពនេះវិញរហូតដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

ភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលមានប្រជាពលរដ្ឋខ្មែររស់នៅរាប់រយគ្រួសារអស់រយៈពេលប្រហែល ៤០ឆ្នាំ មកហើយនោះ កំពុងតែស្ថិតក្រោមភាពតានតឹងខ្លាំងបំផុត។ ភាពតានតឹងនេះបានកើតឡើងចាប់តាំងពីខែសីហា ឆ្នាំ២០២៥ មក នៅពេលដែលកងទ័ពថៃបានចាប់ផ្តើម រំលោភបំពាន ដោយយក បន្លាលួស និង កង់ឡាន មកព័ទ្ធយកដីភូមិឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ ដោយបំពានយ៉ាងច្បាស់លើ បទឈប់បាញ់ ដែលមានប្រសិទ្ធភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងអនុស្សរណៈស្តីពីដំណោះស្រាយព្រំដែនឆ្នាំ២០០០។

របាយការណ៍ថ្ងៃទី១២ ខែតុលា ក៏បានកត់ត្រាបន្ថែមទៀតពីសកម្មភាពរំលោភបំពានលើដីកម្ពុជាផងដែរ៖ ការឈូសឆាយដីធ្លី និងរាវមីន នៅព្រឹក និងរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃបានបន្តប្រើប្រាស់ គ្រឿងចក្រកម្ទេចមីនឈូសឆាយដីធ្លី និង រាវមីន លើដីកម្ពុជា ដែលជាកន្លែងពួកគេបានព័ទ្ធរបង និងព្រមានបណ្ដេញពលរដ្ឋខ្មែរចេញ។ កម្ពុជាចាត់ទុកសកម្មភាពនេះថាជា សកម្មភាពឯកតោភាគី និងជាការរំលោភលើកិច្ចព្រមព្រៀង GBC (គណៈកម្មាធិការព្រំដែនទូទៅ)។

ដោយមើលឃើញពីទង្វើដ៏អាក្រក់ និងការរំលោភសិទ្ធិមនុស្សនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានដាក់ពាក្យបណ្ដឹងទៅកាន់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Volker Türk ដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេតជាបន្ទាន់។ CHRC បានចាត់ទុកការប្រើប្រាស់សំឡេងរំខាននេះថាជា ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជាទម្រង់នៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត ទៅលើជនស៊ីវិល។
ទោះបីជាមានការអំពាវនាវ និងការថ្កោលទោសពីកម្ពុជាក៏ដោយ ក៏ភាគីថៃនៅតែបន្តបដិសេធរាល់ការចោទប្រកាន់ទាំងនេះ ដោយអះអាងថាប្រតិបត្តិការរបស់ពួកគេ រួមទាំងការឈូសឆាយមីន គឺធ្វើឡើងនៅក្នុងទឹកដីថៃក្រោមហេតុផលមនុស្សធម៌ និងបានជូនដំណឹងជាមុនតាមយន្តការទ្វេភាគី។ ទោះជាយ៉ាងណាក្តី សកម្មភាពយាយីផ្លូវចិត្តនៅពេលយប់ និងការបន្តរំលោភបំពានលើដីធ្លីនៅតាមភូមិព្រំដែននេះ បានបន្តអូសបន្លាយ និងបង្កើនភាពតានតឹងយ៉ាងខ្លាំងក្លាដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
ដោយ ឈុន សារ៉ាត





