ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥---ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញបើកវិញ្ញាសា និងត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រតាំងពីចូលកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ការប្រឡងយកពានរង្វាន់សម្តេចធិបតី របស់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។

បេក្ខជនប្រឡងជ្រើសរើសសិស្សឆ្នើមនេះមានចំនួន១៨៩នាក់(ស្រី១២៨នាក់)។ រីឯមុខវិជ្ជាក្នុងការប្រឡងមាន៤មុខវិជ្ជាគឺ៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្ត និងប្រវត្តិវិទ្យា។

ដើម្បីធានាសុក្រឹត្យភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកលើការចេញវិញ្ញាសា និងការកែសន្លឹកកិច្ចការ។ ដោយឡែកក្រុមការងាររបស់ក្រសួងយុត្តិធម៌ទទួលបន្ទុកលើការងាររៀបចំដំណើរការនៃការប្រឡង ដោយសហការជាមួយវិទ្យាល័យទាំង៥ និងមានការសង្កេតការពីសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





