ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា «អ្នកដាក់ថ្នាំសណ្តំ គឺជាសសរគ្រឹះនៃជីវិត និងជាវីរជនបិទមុខ ដែលជួយអ្នកជំងឺរស់រានមានជីវិត ហើយជាអ្នករក្សាសន្តិសុខសុខភាពអ្នកជំងឺ និងបំពេញភារកិច្ចដោយស្ងប់ស្ងាត់»។ សារៈសំខាន់នៃប្រធានបទថ្ងៃនេះ គឺតម្រូវឱ្យបុគ្គលម្នាក់ៗ ទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក គិលានុបដ្ឋាកយិកា ត្រូវបន្តការអភិវឌ្ឍនូវចំណេះដឹងជំនាញ បង្កើនសមត្ថភាពវិជ្ជាជីវៈជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជាក្រុម មានភាពរវៀសរវៃ គិតទុកជាមុន នូវស្ថានភាពដែលអាចកើតមានឡើង ដើម្បីយើងបានត្រៀមទុកជាស្រេច នូវដំណោះស្រាយទាន់ពេលវេលា ក្នុងករណីចាំបាច់ (Early Recognition - Early Response and Treatment)។ យើងមានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះនឹងផ្តល់ឱកាសរួមចំណែកយ៉ាងទូលំទូលាយដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទាំងអស់នូវចំណេះដឹង បទពិសោធន៍ការងារ និងរបកគំហើញថ្មីៗលើសកលលោក ដោយខិតខំនិងស្វែងរកនូវបច្ចេកវិទ្យាថ្មីៗយកមកអនុវត្ត។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជា ក្រោមប្រធានបទ «ការងារពហុជំនាញប្រកបដោយនវានុវត្តន៍ ដើម្បីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា» នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ នេះ ។

សន្និសីទនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជួបជុំគ្នារវាងអ្នកជំនាញ និងអ្នកវិជ្ជាជីវៈសុខាភិបាល ដោយយកចំណេះដឹងមកចែករំលែកទៅអនុវត្តការងារប្រចាំថ្ងៃដោយសុក្រិត្យភាព ផ្តល់ជាប្រយោជន៍ធំធេងក្នុងការព្យាបាលអ្នកជំងឺរបស់យើង។ តាមរយៈសន្និសីទនេះ បានបញ្ជាក់ឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង ព្យាយាម និងការលះបង់ប្រកបដោយសាមគ្គីភាពរឹងមាំ ជាមួយនឹងជំហរស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់ និងទទួលចំណេះដឹងថ្មីៗ ដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀតដល់សហភាតរៈរួមជំនាញទាំងផ្នែកសាធារណៈ និងឯកជន ដែលជាដៃគូបំពេញឱ្យគ្នា ព្រមទាំងដល់ប្អូនៗនិស្សិតឯកទេសជំនាន់ក្រោយៗទៀត។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងពីតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាលម្នាក់ៗ គឺទីមួយ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ និងក្រុមគ្រួសារ។

ទីពីរ គឺត្រូវតែជាអ្នកដែលអាចប្រាស្រ័យទាក់ទងបាន ចេះឈឺឆ្អាល និងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍រួម គឺការបម្រើសេវាសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ជូនអ្នកជំងឺ ហើយត្រូវតែតម្កល់ផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង (Patient Centered Care and Patient Safety) មាននិយាមការពិនិត្យផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់គ្រប់ដំណាក់កាលទាំងអស់។ ទីបី បុគ្គលិកសុខាភិបាល ដែលមានឯកទេសជំនាញផ្សេងៗ គឺចាត់ទុកថាជាអ្នកដែលបានពុះពារ ប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលបំណងចង់ក្លាយជាអ្នកជួយសង្គ្រោះ ព្យាបាល ផ្តល់ភាពសុខសាន្តជូនអ្នកជំងឺ ដែលនេះគឺជាភាពចាំបាច់មួយក្នុងនាមជាអ្នកបម្រើសេវាកម្មផ្នែកសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមទាំងពីរផងដែរ គឺត្រូវបន្តរួបរួមសាមគ្គីគ្នា និងបន្តអនុវត្តដូចជា ១- ការកសាងសមត្ថភាពជំនាញបន្ថែម បន្តការរៀបចំវគ្គបណ្តុះបណ្តាល និងផលិតគ្រូបង្គោលឱ្យបានកាន់តែច្រើន រួមគ្នាបង្កើនធនធានមនុស្សឱ្យបានច្រើន។ ២- ត្រូវគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។ ៣- អ្នកដាក់ថ្នាំសណ្តំ ត្រូវកំណត់ឱ្យបានច្បាស់ ហើយត្រូវមានវិន័យ ហើយស្ថិតនៅផ្លូវបំបែកទាំងបច្ចេកវិទ្យា និងគុណធម៌ ហើយត្រូវគោរពអ្នកជំងឺ គ្រប់ពេលដែលត្រូវដាក់ថ្នាំសណ្តំ។ ៤- អ្នកដាក់ថ្នាំសណ្តំ ត្រូវឈរលើគុណភាព ឈរលើការប្រតិបត្តិ សាមគ្គី ប្រុងប្រយ័ត្ន ហ្មត់ច្មត់ និងបណ្តុះបណ្តាលជាបន្ត។ បើគ្មានសណ្តំ និងប្រពោធកម្មល្អទេ ក៏គ្មានការវះកាត់មួយដែលល្អដែរ។ ៥- ត្រូវខិតខំធ្វើយ៉ាងណាលើកកម្ពស់ការងារសណ្តំ សង្រ្គោះបន្ទាន់ ប្រពោធកម្មឱ្យកាន់តែប្រសើរឡើង ហើយត្រូវកសាងអ្នកជំនាញជំនាន់ថ្មី ដើម្បីឱ្យទទួលបានការជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
សន្និសីទនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកា សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងសមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជា វាគ្មិនជាតិ-អន្តរជាតិ សមាជិកសមាជិកានៃសមាគមទាំងពីរសរុបចំនួន ២៦០នាក់៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ក្រសួងសុខាភិបាល)





