ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ នៅក្នុងខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារ មន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពផ្លូវចំនួន៣ខ្សែ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង នារសៀលថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥។


ផ្លូវទាំង៣ខ្សែនោះ គឺ៖ ១. ផ្លូវបេតុង ដែលមានប្រវែង ១០,៤៣គ.ម ទទឹងខ្នងលើសរុប ៧ម៉ែត្រ ចាប់ផ្ដើមពីផ្លូវលេខ៣១១១ ត្រង់ចំណុចភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នៅលើកំណាត់ខ្សែផ្លូវនេះ បានទទួលការខូចខាតដែលបណ្ដាលមកពីជំនន់ទឹកទន្លេមេគង្គកើនឡើង ដោយហូរបុក ធ្វើឱ្យបាក់ស្រុតជើងទេរផ្លូវប្រវែង ៦០០ម៉ែត្រ ត្រង់ចំណុច គីឡូម៉ែត្រ ១+៩០០ដល់គីឡូម៉ែត្រ ២+៥០០។ ទី២. ផ្លូវកម្រាលបេតុង មានប្រវែង ៨,៩៦គ.ម ទទឹងខ្នងលើសរុប ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្រឡាញ់ធំ ទៅភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ស្រុកពារាំង។ ផ្លូវទាំងពីរខ្សែនេះ បានកសាងក្នុងឆ្នាំ២០២៤ ស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមហិរញ្ញប្បទានបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) ។ ទី៣. ផ្លូវល្បាយគ្រួសមានប្រវែងសរុប ៥,២៥គ.ម តភ្ជាប់ភូមិព្រហ៊ូត ឃុំព្រៃស្រឡិត ទៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ផ្លូវនេះ ត្រូវបានលើកកម្រិតគុណភាពពីផ្លូវល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ជាពហុឆ្នាំ ដោយគិតត្រឹមឆ្នាំ២០២៥ បានសាងសង់សរុបប្រវែង ២,៦៥គ.ម ក្នុងនោះផ្លូវបេតុងមានប្រវែង ០,៦០គ.ម។ ដោយឡែកកំណាត់ផ្លូវល្បាយក្រួសប្រវែង២,៦០គ.ម ទៀត ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការឆ្នាំបន្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





