រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំបិទបច្ចេកទេសការងារសវនកម្មផ្ទៃក្នុង
AKP កណ្ដាល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំបិទបច្ចេកទេសការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដោយអញ្ជើញជាចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម ស្លៀកចលនា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោក ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល និងការមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធមកពីក្រសួងមហាផ្ទៃផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា យន្តការនៃការធ្វើសវនកម្ម ឬការត្រួតពិនិត្យ គឺមិនអាចអត់បានទេ ក្នុងកាលៈទេសៈកំណែទម្រង់ សម្រាប់អ្នកអនុវត្ត ត្រូវការអ្នកត្រួតពិនិត្យ ដើម្បីជួយតម្រែតម្រង់នៅចំណុចខ្វះខាតនៃការអនុវត្ត ដែលជាការបំពេញបន្ថែមទៀតលើការគ្រប់គ្រងរដ្ឋបាលខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។ ការត្រួតពិនិត្យនេះ គឺជាសមាសធាតុមួយដ៏ចាំបាច់ក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងមានអភិបាលកិច្ចល្អ។ លោកបានជឿជាក់ថា កិច្ចប្រជុំនាពេលនេះនឹងបន្តផ្តល់កិច្ចសហការដ៏ល្អ ជាមួយអគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បីទទួលយកអនុសាសន៍ល្អៗ ក្នុងការកែតម្រូវនូវបញ្ហាប្រឈមនានា ដើម្បីយកទៅកែលម្អ ក្នុងកិច្ចដំណើរការងារ និងការអភិវឌ្ឍនៅមូលដ្ឋានផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម ស្លៀកចលនា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា តួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង គឺមានគោលបំណងដើម្បីត្រួតពិនិត្យលើប្រតិបតិ្តការងារ បច្ចេកទេស របស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងជួយតម្រែតម្រង់ នៅចំណុចខ្វះខាតនៃការអនុវត្ត ដែលជាការបំពេញបន្ថែមទៀត លើការគ្រប់គ្រងរដ្ឋបាលខេត្តឱ្យកាន់តែល្អប្រសើរ។ ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺជាការជួយជំរុញដល់ការបំពេញការងារ បច្ចេកទេស ប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់របស់អង្គភាពពាក់ព័ន្ធ ដូចនេះ ការត្រួតពិនិត្យ គឺជាសមាសធាតុមួយដ៏ចាំបាច់ ក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងមានអភិបាលកិច្ចល្អ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





