ក្រុមប្រឹក្សាខេត្តកំពង់ធំបើកកិច្ចប្រជុំលើរបៀបវារៈ៤ ដើម្បីដាក់ទិសដៅការងារសម្រាប់ខែបន្ទាប់
AKP កំពង់ធំ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ លើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីដាក់ទិសដៅការងារនៅខែបន្ទាប់ នៅសាលប្រជុំប្រាសាទតោ។

របៀបវារៈទាំង៤ដែលលើកមកប្រជុំរួមមាន៖ ទី១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ ទី២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ទី៣- ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពីការបែងចែកសមាសភាពក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីសាលាខេត្ត ដើម្បីដឹកនាំដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាខេត្ត និងទី៤- ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចជូនក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត។ បន្ទាប់ពីបានដាក់ជូនអង្គពិធី ពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវរបៀបវារៈរួចមក អង្គប្រជុំបានអនុម័តដោយការលើកដៃ។

ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរវិស័យនានាជុំវិញខេត្ត ដែលបានអនុវត្តតួនាទីភារកិច្ចកន្លងមកបានល្អ ក្នុងនោះដែរបានណែនាំដល់កងកម្លាំងទាំងបី បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថភាពជូនប្រជាពលរដ្ឋជាពិសេសបង្ការទប់ស្កាត់ ការជួញដូរ ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋានភូមិ-ឃុំ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ លើសពីនេះទៀតឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការសង្គ្រោះប្រជាពលរដ្ឋ និងផលដំណាំរបស់កសិករឱ្យបានទាន់ពេលវេលា ជាពិសេសបន្ទាប់ពីទឹកស្រកទៅវិញ ត្រូវតែពិនិត្យមើលស្ថានភាពផ្លូវណាដែលទទួលរងគ្រោះខូចខាត ត្រូវខិតខំស្វែងរកកញ្ចប់ថវិកាបន្ទាន់ណាមួយ ដើម្បីត្រៀមកែសម្រួលជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕
ដោយ ស៊ុម វណ្ណា





