អ្នកនាំពាក្យក្រសួងព័ត៌មានលើកឡើងថា បច្ចេកវិទ្យា AI អាចជួយការងារព័ត៌មានបានច្រើន ប៉ុន្តែគេត្រូវផ្ទៀងផ្ទាត់ខ្លឹមសារមុន ប្រើប្រាស់
AKP ព្រៃវែង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការងារព័ត៌មានបានច្រើន ប៉ុន្តែការប្រើប្រាស់ខ្លឹមសារដែល AI ផលិតបានត្រូវមានការផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ច្បាស់លាស់ជាមុនសិនមុននឹងយកទៅផ្សព្វផ្សាយជាសាធារណៈ ។ ការលើកឡើងរបស់ឯកឧត្តមអ្នកនាំពាក្យបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីជំនាញសរុបប្រមាណជាង ៦០នាក់ មកពីមន្ទីរព័ត៌មានខេត្តព្រៃវែង, កណ្តាល, ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ។

ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់អំពីមុខងារបច្ចេកវិទ្យា AI ថា ជាជំនួយការរបស់មនុស្សលើការងារច្រើនប្រភេទ ក្នុងនោះវាអាចជួយសរសេរ អានអត្ថបទ បកប្រែភាសា ស្រាវជ្រាវ ផលិតរូបភាពសម្រាប់ការងារផ្សព្វផ្សាយមួយចំនួន ព្រមទាំងមុខងារផ្សេងទៀត ដែលមនុស្សអាចប្រើប្រាស់វា ដើម្បីសម្រួលការងារប្រចាំថ្ងៃ។ ឯកឧត្ដមបានអះអាងថា៖ «នៅក្នុងបរិបទរីកចម្រើន នៃបច្ចេកវិទ្យាបច្ចុប្បន្ន ជាពិសេសបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនហើយពិភពលោកមើលឃើញថា អាចបម្រើដល់ផលប្រយោជន៍មនុស្ស ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបន្តស្វែងយល់ឱ្យស៊ីជម្រៅបានច្បាស់ពីមុខងារបច្ចេកវិទ្យា AI ក្នុងការងារប្រចាំថ្ងៃ និងអនុវត្តន៍ឱ្យបានច្រើនដើម្បីយកប្រយោជន៍ពីAIនេះ ជាជំនួយដល់ការគាំទ្រការងារប្រចាំថ្ងៃក្នុងក្របខណ្ឌគ្រប់គ្រងព័ត៌មាន និងការងារសាធារណមតិ និងជាពិសេសការងារប្រយុទ្ធប្រឆាំងការសាយភាយព័ត៌មានក្លែងក្លាយ ។ »

ជាមួយគ្នានេះ បើទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក៏បានជះឥទ្ធិពលជាអវិជ្ជមានដោយសារតែការប្រើប្រាស់នេះ ខុសគោលដៅ និងក្នុងចេតនាទុច្ចរិត។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមថា ក្នុងកំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្រុមជ្រុលនិយមបានប្រើប្រាស់ AI ដើម្បីផលិតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងគោលបំណងបង្កភាពវឹកវរ ភាពច្របូកច្របល់ ក្នុងសាធារណមតិ មួលបង្កាច់ និងបង្ខូចកេរ្តិ៍កម្ពុជាក្នុងបញ្ហាជម្លោះព្រំដែន ។

សូមបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) គឺសំដៅទៅលើ ប្រាជ្ញារបស់ម៉ាស៊ីន ឬ ប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដើម្បត្រាប់តាម សមត្ថភាព និងសកម្មភាពនៃ ប្រាជ្ញារបស់មនុស្ស។ ម៉្យាងវិញទៀត AI គឺជាបច្ចេកវិទ្យាដែលធ្វើឱ្យម៉ាស៊ីនមានសមត្ថភាពអាចរៀនតាមរយៈការបញ្ចូលទិន្នន័យដើម្បីឱ្យវាអាចសិក្សានិងប្រើប្រាស់តាមលំនាំនៃទិន្នន័យទាំងអស់នោះ៕


ដោយ៖ រិទ្ធី





