រដ្ឋសភាកម្ពុជាអំពាវនាវឲ្យរាជរដ្ឋាភិបាលថៃ ត្រូវចាត់ វិធានការបញ្ឈប់ និងទប់ស្កាត់ជាបន្ទាន់នូវទង្វើអសីលធម៌របស់ជនជាតិថៃមួយចំនួនមកលើថ្នាក់ដឹកនាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋសភាកម្ពុជាបានអំពាវនាវឲ្យរាជរដ្ឋាភិបាលថៃត្រូវធ្វើការចាត់ វិធានការបញ្ឈប់ និងទប់ស្កាត់ជាបន្ទាន់នូវទង្វើអសីលធម៌របស់ជនជាតិថៃមួយចំនួនមកលើថ្នាក់ដឹកនាំកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើទុយ៏ស អសីលធម៌ ថោកទាប គ្មានតម្លៃជាមនុស្សរបស់ជនជាតិថៃមួយចំនួន ដែលបានវាយប្រហារមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនកម្ពុជាមួយចំនួនទៀតនាពេលថ្មីៗនេះ។

ថ្លែងការណ៍បញ្ជាក់ថា៖" អាកប្បកិរិយា បែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ គុណតម្លៃនៃស្មារតីមិត្តភាព ការ គោរពគ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមានរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុង នាមជាអ្នកជិតខាង និងជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិ"។

រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ ទី៦ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ ជារដ្ឋបុរស មានភាពជាអ្នកដឹកនាំប្រកបដោយ ក្រមសីលធម៌ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ សម្រាប់មនុស្សជាតិ តាមរយៈការដោះស្រាយបញ្ហា ដោយស្មារតីបង្រួបបង្រួម យោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះគ្រប់ជាតិសាសន៍ទាំងអស់។
ប្រភពបានលើកឡើងថាទោះបីជា សម្តេចតេជោ ទទួលរងនូវការប្រមាថដោយចេតនានិងគ្មានសីលធម៌បែបនេះក្តី សម្តេចតេជោ បានបន្ត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ឆ្លើយតបដោយភាពថ្លៃថ្នូ ប្រកាន់ខ្ជាប់ស្មារតី ឯកភាពជាតិ និងការអត់ធ្មត់ខ្ពស់ ហើយបន្តលើកកម្ពស់ការពង្រឹងអធិបតេយ្យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ តាមរយៈការប្រើប្រាស់រូបិយវត្ថុជាតិ និងការកសាងភាពធន់នៃសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកពី ខាងក្រៅ។
រដ្ឋសភាកម្ពុជាបានពិនិត្យឃើញថា អំពើអសីលធម៌ និងការប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជាពី សំណាក់ជនទុយ៏សថៃមួយចំនួននេះបានបន្តប្រព្រឹត្តឡើងដោយចំហរ ដោយគ្មានវិធានការ និងចំណាត់ ការអ្វីទាំងអស់។
រដ្ឋសភាកម្ពុជាសូមគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចាត់ វិធានការបញ្ឈប់ និងទប់ស្កាត់ជាបន្ទាន់នូវទង្វើអសីលធម៌ទាំងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង នាមជាប្រទេសមួយមានអរិយធម៌ និងភាពថ្លៃថ្នូរ។
រដ្ឋសភាកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីថា មិត្តភាពរវាងកម្ពុជានិងថៃ ត្រូវផ្អែកលើគុណតម្លៃ នៃ ការយោគយល់គ្នា ការគោរពគ្នា និងសមភាព ដែលជាកត្តាចំបាច់ដើម្បីទ្រទ្រង់សន្តិភាពយូរអង្វែង និងកិច្ច សហប្រតិបត្តិការក្នុងតំបន់។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមមេត្តាអត់ធ្មត់ជា អតិបរមា រួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឈានទៅដោះស្រាយជម្លោះព្រំដែនជាមួយ ថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង និងវិបុលភាពជាតិរបស់ យើង៕
ដោយ៖ប៊ុនរិទ្ធ





