រយៈពេលជាង២ឆ្នាំនេះកម្ពុជាបណ្ដេញជនបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង១៥.០០០នាក់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានលើកឡើងថា រយៈពេលជាង២ឆ្នាំក្នុងនីតិកាលទី៧នៃរដ្ឋសភា កម្ពុជាបានបណ្ដេញចេញនូវជនបរទេសដែលបានជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញជាង ១៥.០០០នាក់រួចមកហើយ។ ការលើកឡើងរបស់ឯកឧត្តមអភិសន្ដិបណ្ឌិតបែបនេះ នាឱកាសអញ្ជើញបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ។

ឯកឧត្តមអភិសន្ដិបណ្ឌិតបានមានប្រសាសន៍ថា ក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ព្រមទាំងសម្ដេចក្រឡាហោម ស ខេង យើងបានបណ្ដេញចេញជនបរទេសដែលពាក់ព័ន្ធអនឡាញប្រមាណជាង២១.០០០នាក់ ដែលការបណ្ដេញចេញនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលនីតិកាលទី៧បានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារបទល្មើសអនឡាញ និងបានគូសបញ្ជាក់ថា ការបង្ក្រាបបទល្មើសអនឡាញមិនមែនតែកម្ពុជាម្នាក់ឯងទទួលខុសត្រូវនោះទេ។ ដូច្នេះឯកឧត្តមសូមស្នើដល់បណ្ដាប្រទេសនានាឱ្យស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបង្ក្រាបបទល្មើសអនឡាញនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានលើកឡើងថា ការវិវត្តន៍នៃការឆបោកបទល្មើសអនឡាញគឺមានភាពជឿនលឿនខ្លាំងបើធៀបនឹង៥ឆ្នាំមុន វាមានលក្ខណៈខុសគ្នាយ៉ាងដាច់ស្រឡះ ហើយថាការឆបោកបទល្មើសអនឡាញនៅក្នុងប្រទេសកម្ពុជាមិនមែនជាទីផ្សារសម្រាប់ក្រុមឧក្រិដ្ឋជននោះទេ គឺពិភពលោក។ ដូច្នេះត្រូវមានការចូលរួមទប់ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





