ក្រសួងវប្បធម៌បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធលើវិស័យសិល្បៈវប្បធម៌
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ “សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមវិស័យសិល្បៈវប្បធម៌” ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្រ្តីបង្គោលរបស់អង្គភាពក្រោមឱវាទក្រសួងដែលពាក់ព័ន្ធ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង២៥ និងដៃគូ ក្នុងវិស័យសិល្បៈវប្បធម៌ ជាច្រើនរូប។

ឯកឧត្តម ហាប់ ទូច បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្ន និងពិនិត្យតាមដាន ការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល។ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នេះដែរ ក្រសួងនឹងរៀបចំជំនួបរវាងដៃគូក្នុងវិស័យសិល្បៈវប្បធម៌ និងអ្នកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍសហគ្រាសធុនមីក្រូ តូចនិងមធ្យម របស់រាជរដ្ឋាភិបាលអណាត្ដិទី៧ និងស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការរបស់ពួកគាត់ ដើម្បីពង្រឹងភាពជាដៃគូ និងប្រមូលទិន្នន័យវិស័យ ទុកជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូចនិងមធ្យម វិស័យសិល្បៈវប្បធម៌នៅកម្ពុជា។

សិក្ខាសាលានេះក៏មានការចូលរួមធ្វើបទបង្ហាញគន្លឹះពីមន្រ្តីជំនាញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញពីគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





