អាជ្ញាធរខេត្តកំពង់ឆ្នាំងបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៦-២០២៨
AKP កំពង់ឆ្នាំង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥-- លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ដើម្បីឱ្យមន្ទីរជំនាញជុំវិញខេត្ត តំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជនបានចូលរួម សិក្ខាសាលានេះបានធ្វើឡើងនៅរដ្ឋបាលសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោក ប៉ាត សាវ៉ាន អភិបាលស្រុក ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការសមាគមន៍ និង ដៃគូអភិវឌ្ឍន៍នានាផងដែរ។

ក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថា កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ជាគម្រោងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនក្នុងមូលដ្ឋាន ដែលបានដើរតួយ៉ាងសំខាន់សម្រាប់ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់នូវកិច្ចដំណើរការអនុវត្ដគម្រោង ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនមូលដ្ឋាន។ រដ្ឋបាលក្រុង-ស្រុក គ្រប់គ្រង និងអនុវត្តមុខងាររបស់ខ្លួន ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ដ ក្រុង-ស្រុក-ខណ្ឌ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំក្នុងកាអភិវឌ្ឍន៍នៅក្នុងខេត្តរបស់ខ្លួនមានការរីកចម្រើន។

ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍បន្តថា កម្មវិធីវិនិយោគជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់ខេត្ត ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ។ ត្រូវធ្វើការកែសម្រួលដើម្បីបន្តបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងកិច្ចសន្យានានា រួចផ្ញើឯកសារទាំងនេះ ទៅទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរ ផែនការខេត្ត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយមានមន្ត្រីការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ជាអ្នកជួយ និងចូលរួមទទួលខុសត្រូវ ជំរុញការអនុវត្តឱ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អ និងទាន់ពេលវេលាតាមកាលកំណត់។

ក្នុងបរិបទនេះលោកអភិបាលរងបានជំរុញដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍគ្រប់ផ្នែក ទាំងផ្នែករូបវន្ត និងអរូបវន្ត ជាពិសេសការកែលម្អសោភណ្ឌភាពទីក្រុង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ចំពោះការអនុវត្តគោលនយោបាយគាំពារសង្គមជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចាកផុតពីភាពក្រីក្រ៕
ដោយ បៃ ស៊ីថុន





