មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវណែនាំឱ្យប្រធានមន្ទីរទាំង៧ ពង្រឹងកម្លាំងដែលមានភារកិច្ចប្រចាំការលើលេខពិសេសទាន់ហេតុការណ៍ (Hotline) ២៤ម៉ោងលើ២៤ម៉ោង
AKP តាកែវ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការណែនាំឱ្យប្រធានមន្ទីរទាំង៧ ពង្រឹងកម្លាំងដែលមានភារកិច្ចប្រចាំការលើលេខពិសេសទាន់ហេតុការណ៍ (Hotline) ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ទទួលព័ត៌មាន ឬពាក្យបណ្តឹងពីប្រជាពលរដ្ឋដោយផ្ទាល់ និងទាន់ពេលវេលា។

លោកមេបញ្ជាការបានធ្វើការណែនាំបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចប្រចាំសប្ដាហ៍ទី១ខែតុលាឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់សប្ដាហ៍បន្ត កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការនាយសេនាធិការរងប្រធានមន្ទីរទាំង៧ នាយការិយាល័យពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ ប្រធានអនុប្រធានក្រុមការងារយេនឌ័រ កមេបញ្ជាការកងអនុសេនាធំចល័ត និងមន្ត្រីកងរាជអាវុធហត្ថចូលរួមជាច្រើនរូបផងដែរ។

ទន្ទឹមនឹងនេះ លោកមេបញ្ជាការបានលើកឡើងថា កម្លាំងទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ សារាចរណែនាំ និងបទបញ្ជានានា ព្រមទាំងបំពេញតួនាទីភារកិច្ចតាមឋានានុក្រម ពិសេសត្រូវបន្តអនុវត្ត ផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ និងបង្ក្រាបរាល់បទល្មើស ដូចជា បទល្មើសគ្រឿងញៀន ការបង្ក្រាបក្មេងទំនើង ការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់។ ត្រូវពង្រឹងកម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង ការងារប្រចាំបញ្ជា និងប្រចាំការ។ ការិយាល័យជំនាញត្រូវរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការធ្វើកំណែទម្រង់ ការកសាងអង្គភាពរយៈពេល៩ខែដើមឆ្នាំ និងទិសដៅការងារត្រីមាសទី៤ឆ្នាំ2025។ត្រូវបន្តរក្សា សាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ

ជាមួយគ្នានេះដែរ លោកក៏បានសង្កត់ធ្ងន់លើការបន្តការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបានផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ អំពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams នៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕

ដោយ អ៊ុច សៀង





