លោក ជិន ស៊ីថា ដឹកនាំកម្លាំងជំនាញបន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ សហការជាមួយកម្លាំងទីបញ្ជាការស្រាលចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចអាងទឹកតាឃឹមឃាង ឃុំកំពង់គោ ស្រុកកំពុងស្វាយ និងអូរកន្ធរ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជាលទ្ធផលអនុវត្តបាន០២ករណីដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ ១-របាំងស្បៃមុងចំនួន៣៥ របាំងប្រវែង៩៥០ម៉ែត្រ ឡុកចំនួន៣៥គ្រឿង លូចំនួន៣៥ មាត់បង្គោលចំនួន៤៩៩ដើម និងចាក់លែងត្រីទម្ងន់៣៥គីឡូក្រាមចូលបឹងធម្មជាតិវិញ។ ២-របាំងសាច់អួនក្រឡាញឹកចំនួន៣ របាំងប្រវែង៦០០ម៉ែត្រ ឡុកចំនួន៣គ្រឿង លូសាច់អួនចំនួន៦មាត់និងបង្គោលចំនួន ២១០ដើម។

នៅថ្ងៃជាមួយគ្នានេះដែរ លោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ បានចូលរួមជាមួយទីបញ្ជាការស្រាលស្រុកបារាយណ៍បានចុះបង្រ្កាបបទល្មើសជលផលនៅចំណុចភូមិសាស្រ្តឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន០៥របាំង ប្រវែង៦០ម៉ែត្រឡុកចំនួន០៥គ្រឿងលូចំនួន០៥មាត់ បង្កោលចំនួន៤០ដើម និងបានចាក់លែងត្រីមួយចំនួនចូលបឹងធម្មជាតិវិញ។

លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រាម បានចូលរួមជាមួយលោកវរសេនីយ៍ត្រី ហ៊ន សុផាត តំណាងទីបញ្ជាការស្រាលសហការជាមួយសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមបានចុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាប បទល្មើសនេសាទនៅចំណុចអូររន្ទះបាញ់ ឃុំផាត់សណ្តាយ ស្រុកកំពុងស្វាយ។ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងសាច់អួនក្រទ្បាញឹកចំនួន០៤របាំងប្រវែង២៥០ម៉ែត្រ ឡុកចំនួន០២គ្រឿង លប/លូចំនួន០៤មាត់ បង្គោលចំនួន៥០ដើមនិងចាក់លែងកូនត្រីចម្រុះទម្ងន់១០គីឡូក្រាមចូលបឹងធម្មជាតិវិញ។

លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាងបានដឹកនាំកម្លាំង ចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ នៅចំណុចកំព្រាម និងមុខប្រលិចច្រកែង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន០២ របាំងប្រវែង៦៥០ម៉ែត្រ ឡុកចំនួន៥គ្រឿង លូ/លបចំនួន ១០មាត់ បង្គោលកូនឈើចំនួន២២០ដើម និងចាក់លែងកូនត្រីស្រស់ចម្រុះទម្ងន់២០គីឡូក្រាម។បានផ្សព្វផ្សាយ ណែនាំ ដល់ប្រជានេសាទអូសខ្ចៅ ដោយកម្លាំងម៉ាស៊ីន២៤ សេសចុះក្រោម ក្រឡាឈ្នាង ៣ ទៅ ៤ហ៊ុន នេសាទខុសទីតាំងកំណត់ បានចំនួន ៧ ទូកស្មើមនុស្ស ៣០ នាក់។
លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍ (ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុច ត្រពាំងរាំង ស្នោរទទឹង និងពោធីស្ថិតនៅក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោក។ ជាលទ្ធផលអនុវត្តបាន០២ករណីដោយបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷១.របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំងប្រវែង៥៧ម ឡុកចំនួន០៣គ្រឿង លប/លូចំនួន០៣មាត់។២-របាំងស្បៃមុងចំនួន២២របាំងប្រវែង៥១៤ម៉ែត្រឡុកចំនួន២២គ្រឿង លប/លូចំនួន២២មាត់ និងបង្គោលចំនួន២១៣ដើម៕
ដោយ ស៊ុម វណ្ណា





