រដ្ឋបាលខេត្តកំពង់ឆ្នាំងឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋានបីឆ្នាំរំកិល (២០២៦-២០២៨)
AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដើម្បីឱ្យគម្រោងបានឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ដើម្បីឱ្យមន្ទីរជំនាញជុំវិញខេត្ត តំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជនបានចូលរួមធ្វើឡើងនៅរដ្ឋបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរឃុំ ស្មៀន និងតំណាងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ក្នុងឱកាសនោះ លោក យិន សាវ៉េន បានលើកឡើងពីកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដែលមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ក្រុង ស្រុក ឃុំសង្កាត់ សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនោះលោកបានមានប្រសាសន៍បន្តថា កម្មវិធីវិនិយោគជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់ខេត្ត ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗដែលបានអនុវត្តកន្លងមកទាមទារឱ្យមានការចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួលក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនស្របតាមក្របខ័ណ្ឌ និងពេលវេលា។

ក្នុងបរិបទនេះលោកអភិបាលរងបានបញ្ជាក់ទៀតថា ក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ត្រូវបានរៀបចំឡើងដោយផ្អែកលើ ឧបករណ៍ជាមូលដ្ឋាន យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០២៦-២០២៨) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួងគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្តឯកសារស្ថានភាពខេត្តកំពង់ឆ្នាំង ផែនការគ្រប់គ្រងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានកិត្តិយុត្តនានាជាមូលដ្ឋាន៕

ដោយ បៃ ស៊ីថុន





