ឯកឧត្តម ហាប់ ទូច អញ្ជើញសម្ពោធបើកពិព័រណ៍ «ស្នាដៃមរតកមនុស្សរស់»
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- នៅអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីបើកពិព័រណ៍ «ស្នាដៃមរតកមនុស្សរស់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យសិល្បៈមរតកមនុស្សរស់ លោក លោកស្រី ភ្ញៀវកិត្តិយស និងសិស្សានុសិស្សជាច្រើនរូប។

ពិព័រណ៍ «ស្នាដៃមរតកមនុស្សរស់»រៀបចំនៅសារមន្ទីរខ្លែងខ្មែរនៃនាយកដ្ឋានអភិវឌ្ឍវប្បធម៌ ដោយធ្វើការតាំងបង្ហាញនូវស្នាដៃរបស់ព្រឹទ្ធាចារ្យសិល្បៈមរតកមនុស្សរស់ ចំនួន១៥រូប ដើម្បីជូនសាធារណជន ពិសេសយុវជន សិស្សានុសិស្ស ចូលទស្សនា ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីស្នាដៃ ទេពកោសល្យដ៏ប៉ិនប្រសប់របស់ព្រឹទ្ធាចារ្យសិល្បៈមរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងជាសកម្មភាពបណ្ដុះស្មារតីឱ្យយុវជនចេះស្រឡាញ់ និងចូលរួមបន្តវេនថែរក្សា លើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។


សូមបញ្ជាក់ជូនថា ពិព័រណ៍ «ស្នាដៃមរតកមនុស្សរស់» នឹងបើកជូនសាធារណជនចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១៦ និង៣០នាទីល្ងាច៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





