កិច្ចប្រជុំសាមញ្ញលើកទី១៧ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ផ្តោតលើរបាយការណ៍ការងារប្រចាំខែ និងការបែងចែកថវិកាលើកទឹកចិត្ត
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ក្នុងការជំរុញការងាររដ្ឋបាល និងការអភិវឌ្ឍក្នុងខេត្ត ដោយកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត អភិបាល/អភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងកងកម្លាំងទាំងបីផងដែរ។

របៀបវារៈស្នូលដែលត្រូវបានលើកយកមកពិនិត្យ ពិភាក្សា និងសម្រេចអនុម័តក្នុងកិច្ចប្រជុំនេះរួមមាន៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ស្តីពីលទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានា។ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែកញ្ញា ឆ្នាំ២០២៥ និងថវិកាសម្រាប់ពង្រឹងយន្តការរដ្ឋបាល។

ក្នុងឱកាសនោះ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍សង្កត់ធ្ងន់អំពីសារៈសំខាន់ជាចម្បងនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងនាមជាស្ថាប័នតំណាងឆន្ទៈប្រជាពលរដ្ឋ និងជាដៃគូសម្រេចចិត្តជាមួយគណៈអភិបាល។ កិច្ចប្រជុំនេះមានគោលបំណងសម្រេចចិត្តលើបញ្ហាសំខាន់ៗ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍខេត្ត និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបានធ្វើការលើកទឹកចិត្តដល់សមាជិកអង្គប្រជុំទាំងអស់ឱ្យចូលរួមពិភាក្សាយ៉ាងសកម្ម ហ៊ានផ្តល់នូវធាតុចូលប្រកបដោយភាពស្ថាបនា និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការសម្រេចចិត្តនីមួយៗមានភាព ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។

ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិកអង្គប្រជុំទាំងអស់ និងបានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្ត របស់រដ្ឋបាលខេត្តក្នុងការអនុវត្តកិច្ចការងារ និងបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវរាល់សេចក្តីសម្រេចដែលបានអនុម័ត ក្នុងកិច្ចប្រជុំនេះប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនឹងបន្តខិតខំប្រឹងប្រែងក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ប្រកបដោយភាពងាយស្រួល តម្លាភាព និងឆាប់រហ័ស ជំរុញការអភិវឌ្ឍវិស័យនានាក្នុងខេត្តឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ទូទាំងខេត្តបន្ទាយមានជ័យ៕
ដោយ ឈុន សារ៉ាត





