អាជ្ញាធរខេត្ដសៀមរាបអំពាវនាវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវឱ្យនៅកម្រិតទាប
AKP សៀមរាប ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ បានចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ ចែកមួកសុវត្ថិភាព និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបង្កមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រឡាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

លោកបានបន្ដថា គោលបំណងសំខាន់បំផុតនៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរ ណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោក លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តសៀមរាប បានឱ្យដឹងថា គោលបំណងសំខាន់បំផុតនៃសកម្មភាពរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបកន្លងមកភាគច្រើនគឺបណ្តាលពីមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកបរហួសល្បឿនកំណត់ ការបត់មិនគោរពតាមផ្លាកសញ្ញ ឬគំនូស ចរាចណ៍ជាដើម ដោយពួកគាត់ជិះតាមទម្លាប់ និងបានស្នើសុំយ៉ាងទទូចដល់អ្នកបើកបរទាំងអស់សូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន បញ្ឈប់ការបើកបរតាមទម្លាប់៕
ដោយ ឃុត សៅ





