ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញកម្លាំងនគរបាលត្រូវពង្រឹងសន្តិសុខសង្គម និងសន្តិសុខព្រំដែនទូទាំងខេត្តបន្ទាយមានជ័យឱ្យបានម៉ឺងម៉ាត់
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់កម្លាំងនគរបាលត្រូវបន្ត ពង្រឹងសន្តិសុខសង្គម និងសន្តិសុខព្រំដែនទូទាំងខេត្តបន្ទាយមានជ័យឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀតនោះ។

ការដាក់បទបញ្ជាយ៉ាងដូច្នេះក្នុងឱកាសលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីផ្សព្វផ្សាយនូវផែនការការងារចាំបាច់ចំពោះមុខ និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រដល់កងកម្លាំងនគរបាលក្រោមឱវាទទូទាំងខេត្ត ក្នុងគោលដៅពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខព្រំដែននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះធ្វើឡើងតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ និងធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ រួមមានអនុក្រឹត្យ លេខ ១៧៧ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា សជណ របស់ក្រសួងមហាផ្ទៃ។
ការផ្សព្វផ្សាយទាំងនេះត្រូវបានធ្វើឡើងដើម្បីណែនាំអំពីកិច្ចការចាំបាច់មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ រួមមានឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ អធិការក្រុង/ស្រុក និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងអស់។ គោលបំណងគឺដើម្បីឱ្យពួកគេយកផែនការនេះទៅផ្សព្វផ្សាយ និងអនុវត្តដល់កងកម្លាំងនគរបាលនៅតាមអង្គភាពចំណុះនីមួយៗឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសង្កត់ធ្ងន់ និងដាក់ចេញនូវផែនការយ៉ាងមុតមាំដល់កងកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ផ្តោតទៅលើចំណុចគន្លឹះជាច្រើន រួមមាន ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខព្រំដែន ឲ្យបានម៉ឺងម៉ាត់បំផុត។ ពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការទប់ស្កាត់ និងបង្ក្រាបក្រុម ក្មេងទំនើង ដែលជាកង្វល់ចម្បងក្នុងសង្គម។ ពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការរឹតបន្តឹងចំពោះការនាំចូល ទំនិញគេចពន្ធ តាមខ្សែបន្ទាត់ព្រំដែន។ ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពជាប្រចាំ នៅតាមមូលដ្ឋាន ដើម្បីចូលរួមរក្សាសុវត្ថិភាពសង្គមពីគ្រប់ភាគី។ ពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយភាពរលូន។ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង រវាងកងកម្លាំងនគរបាល និងថ្នាក់ដឹកនាំឱ្យបានល្អប្រសើរ។
ផែនការការងារដែលដាក់ចេញដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យនាពេលនេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ជាពិសេសនៅក្នុងខេត្តជាប់ព្រំដែនមួយនេះ៕
ដោយ ឈុន សារ៉ាត





