កិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ទីចាត់ការចំណុះរដ្ឋបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តអាណត្តិទី៤ លើកទី១៧ មានរបៀបវារៈចំនួន៥៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សា ខេត្ត អាណត្តិទី៤។ ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥)។ ៤. ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត និង៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើក ទឹកចិត្តជូនមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ ប្រចាំខែកញ្ញា ឆ្នាំ២០២៥។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក រួចមក ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែង និងផែនការសកម្មភាពរបស់មន្ទីរ អង្គភាព ក្រុង ស្រុកដែលបានអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងលទ្ធផលល្អប្រសើ យើងក៏ត្រូវតែបន្តការតាមដានយកចិត្តទុកដាក់អនុវត្តផែនការ សកម្មភាពឱ្យបានកាន់ផុលផុសបន្ថែមទៀត ជាពិសេសការដឹងអំពីសុខទុកប្រជាពលរដ្ឋនៅមូលដ្ឋានជំរុញការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានការជឿជាក់ មានទំនុកចិត្តមន្ត្រីរបស់យើងដោយអនុវត្តតា មលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាល ទី៧ នៃរដ្ឋសភា។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុក៏បានធ្វើការណែនាំទៅដល់គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់បញ្ហាគ្រឿង ញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសក្មេងទំនើង ដោយធ្វើយ៉ាងណាបង្ការ បង្ក្រាប ទប់ស្កាត់ឪ្យបានទាន់ពេលវេលា ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិនដែលមកកាន់ខេត្តតំបន់ឆ្នេរសមុទ្រ។

ទន្ទឹមនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងអំណគុណចំពោះរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានាបន្តយកចិត្តទុកដាក់ការងារសន្តិសុខ សុវត្ថិភាពសាធារណៈជូនភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ នៅរដូវរំហើយខាងមុខនេះ៕
ដោយ ងូ សុមុនី





