ជំហររឹងមាំរបស់ប្រជាពលរដ្ឋភូមិជោគជ័យ និងព្រៃចាន់ ប្រឆាំងនឹងការគំរាមកំហែងពីភាគីថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥--ប្រជាពលរដ្ឋខ្មែរដែលរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបន្តប្រកាសជំហរយ៉ាងរឹងមាំថាមិនព្រមជម្លៀសចេញពីលំនៅឋានរបស់ខ្លួនជាដាច់ខាត ទោះបីជាមានការគំរាមកំហែងពីសំណាក់ភាគីយោធាថៃឱ្យចាកចេញត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នេះក្ដី។ ពួកគេបានប្ដេជ្ញាចិត្តរួមគ្នាតែមួយក្នុងការតទល់ការពារទឹកដី និងផ្ទះសម្បែងពីការឈ្លានពានដោយយោធាថៃ ហើយបានសម្តែងការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានេះ។ ស៊ូស្លាប់លើដីកំណើត សំឡេងតស៊ូរបស់ប្រជាពលរដ្ឋ ការគំរាមកំហែងដោយភាគីថៃដែលបានស្នើឱ្យកម្ពុជាជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ទាំងពីរនេះ បានបង្កឱ្យមានការឈឺចាប់ និងការប្តេជ្ញាចិត្តតស៊ូកាន់តែខ្លាំងពីសំណាក់អ្នកភូមិ។

លោកស្រី ជុំ ធិន អាយុ៧១ឆ្នាំ រស់នៅក្នុងភូមិព្រៃចាន់ បានរៀបរាប់ទាំងទឹកភ្នែកកាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ថា លោកស្រីក៏ដូចជាអ្នកភូមិដទៃទៀតបានរស់នៅក្នុងទឹកដីនេះជាយូរយារណាស់មកហើយ។ លោកស្រីបានចោទសួរថា ហេតុអ្វីបានជាយោធាថៃហ៊ានចូលមកប្លន់យកដីរបស់ពួកគាត់យ៉ាងគឃ្លើនដូច្នេះ? លោកស្រីបានសង្កត់ធ្ងន់ថា "ពួកគាត់មិនចេញទៅណាតាមការគម្រាមរបស់ពួកវាជាជាដាច់ខាត ស៊ូស្លាប់លើដីកំណើតរបស់ខ្លួនមិនទៅណាចោលទឹកដី ដែនដីខ្មែរត្រូវតែខ្មែររស់នៅ"។

ចំណែក លោក ជុំ ពៅ អាយុ៦៦ឆ្នាំ រស់នៅភូមិព្រៃចាន់ដដែល ក៏បានបញ្ជាក់ពីជំហរសុខចិត្តតស៊ូរហូតដល់ជីវិតចុងក្រោយ ដោយមិនព្រមរុះរើផ្ទះតាមការចង់បានរបស់កងទ័ពថៃឡើយ។ លោកបានប្រកាសរួបរួមជាមួយអ្នកភូមិ និងកងកម្លាំងកម្ពុជាដើម្បីការពារទឹកដី និងបានគាំទ្រមេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា ដែលមិនអនុញ្ញាតឲ្យពួកគាត់ជម្លៀសចេញ។ លោក ជុំ ពៅ ក៏បានសម្តែងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហានេះ និងបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយរកយុត្តិធម៌ជូនពួកគាត់ដែលកំពុងទទួលរងការឈ្លានការពាន។ សកម្មភាពឈ្លានពាន និងព័ទ្ធបន្លាលួសយកដីរបស់យោធាថៃនៅភូមិព្រៃចាន់ ក៏ដូចជាភូមិជោគជ័យ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណជនខ្មែរផងដែរ។

អ៊ុំស្រី វ៉ន ខេង ជាប្រជាពលរដ្ឋមកពីខេត្តសៀមរាប ដែលបានចុះមកមើលផ្ទាល់ បានបង្ហាញពីអារម្មណ៍ឈឺចាប់ចំពោះការរំលោភបំពានដែនអធិបតេយ្យរបស់កម្ពុជា ហើយបានបញ្ជាក់យ៉ាងដាច់អហង្ការថា៖ "ប្រសិនបើខ្ញុំអាចកាន់កាំភ្លើងបាន ខ្ញុំនឹងប្រយុទ្ធតទាំងប្រឆាំងជាមួយខ្មាំងសត្រូវដែលចង់បានទឹកដីខ្មែរ"។

ជាមួយគ្នានេះដែរ ព្រះសង្ឃ និងប្រជាពលរដ្ឋមកពីស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានយាង និងមកឃើញផ្ទាល់នូវទង្វើរបស់កងទ័ពថៃ បានជំរុញឱ្យភាគីថៃ គោរពបទឈប់បាញ់ និងត្រូវមានមនុស្សធម៌ដោយ ដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាព ព្រមទាំងបញ្ឈប់សកម្មភាពរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបន្តទៀត។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្តស្រះកែវពុំមានសមត្ថកិច្ច ក្នុងការកំណត់ព្រំដែន ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលរស់នៅ និងអាស្រ័យផលក្នុងតំបន់ដែលមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។
ការទាមទារនេះត្រូវបានពង្រឹងដោយលើកយកនូវកិច្ចព្រមព្រៀងសំខាន់ៗមកបញ្ជាក់៖ អនុស្សរណៈនៃការយោគយល់គ្នា (MOU 2000) និងកំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងសងខាងបានឯកភាព "រក្សាស្ថានភាពដើម" រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។ រីឯយោធភូមិភាគទី៥ កម្ពុជាបានបដិសេធសំណើរបស់ថៃទាក់ទងនឹងបញ្ហាជម្លៀសប្រជាពលរដ្ឋនេះ យោធភូមិភាគទី៥កម្ពុជា បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់កងទ័ពភូមិភាគទី១ ថៃ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥។ ភាគីថៃបានដាក់លក្ខខណ្ឌថា លុះត្រាតែយោធភូមិភាគទី៥ រៀបចំផែនការជម្លៀសប្រជាជនកម្ពុជាចេញពីតំបន់ឈមចំនួន៣ ទើបកងទ័ពភូមិភាគទី១ យល់ព្រមចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC)។
យោធភូមិភាគទី៥ បានបញ្ជាក់ជំហរដូចជា៖ គោរពតាមយន្តការដែលមានស្រាប់៖ ការស្នើប្រជុំ RBC គឺដើម្បីអនុវត្តតាមស្មារតីរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ក៏ដូចជាការកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ ប្រគល់ភារកិច្ចជូន JBC៖ ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ គឺត្រូវអនុវត្តតាមអ្វីដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានប្រគល់ភារកិច្ចឲ្យគណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែនគោក (JBC) ជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយ។ កិច្ចប្រជុំ RBC មានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែមិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ។ ភាពស្មុគស្មាញនៃបញ្ហា៖ ការអង្កេតជាក់ស្តែងបានបង្ហាញ និងបញ្ជាក់ច្បាស់ថានៅកន្លែងខ្លះ ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ ប្រជាពលរដ្ឋថៃចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ។ កម្ពុជាប្រកាន់ជំហរគោរពតាមកិច្ចព្រមព្រៀងពោលគឺរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ចប្រជុំ JBC ឱ្យបានឆាប់ផងដែរ។ រក្សាបរិយាកាសអំណោយផល៖ យោធភូមិភាគទី៥ ស្នើសុំឱ្យគោរពយ៉ាងខ្ជាប់ខ្ជួននូវអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ហើយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការ បញ្ចៀសរាល់សកម្មភាពទាំងឡាយដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្តរបស់ JBC៕
ដោយ ឈុន សារ៉ាត





