ឯកឧត្តម គួច ចំរើន ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹកជំនន់
AKP កណ្ដាល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ទាំងពេលកំពុងជន់លិច និងក្រោយពេលជន់លិច ពោលគឺត្រូវគិតគូរចំពោះសុវត្ថិភាព សុខភាព និងស្បៀងអាហារជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទឹកជំនន់ឱ្យបានល្អប្រសើរ ដោយអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមផែនការទុកជាមុន ត្រូវមានទីទួលសុវត្ថិភាព កន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋ និងសត្វពាហនៈ ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាមនុស្សចាស់ និងកូនក្មេងកុំឱ្យមានបញ្ហាអ្វីមួយជាយថាហេតុ ពេលមានទឹកជំនន់។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ដូចនេះ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។


ឯកឧត្តមក៏បានជំរុញដល់គ្រូពេទ្យត្រូវត្រៀមថ្នាំបង្ការ និងត្រៀមជួយសង្គ្រោះ និងព្យាបាលប្រជាពលរដ្ឋពេលរងគ្រោះផ្សេងៗឱ្យបានទាន់ពេលវេលា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវត្រៀមរថយន្តសង្គ្រោះក្នុងករណីចាំបាច់ណាមួយ។ ដោយឡែកអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវបង្កើនកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវគ្រប់គ្រង និងតាមដានជាប្រចាំ ចំពោះផលដំណាំដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ ត្រូវមានមន្ត្រីចុះពិនិត្យវាយតម្លៃការខូចខាត ត្រូវមានស្ថិតិរបាយការណ៍ជាប្រចាំ ដើម្បីជួយដោះស្រាយក្រោយពេលទឹកជំនន់រួច។ សូមរួមគ្នាយកចិត្តទុកដាក់ពិនិត្យ និងចូលរួមផ្ដល់ជាមតិយោបល់ ពាក់ព័ន្ធទៅនឹងសេចក្តីព្រាងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាដល់ការសាងសង់គម្រោងដែលមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ ដើម្បីដាក់ជូនដល់ក្រុមប្រឹក្សាខេត្តធ្វើការពិនិត្យ និងអនុម័តនៅពេលខាងមុខឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា យោងតាមសេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ ផ្អែកតាមអាទិភាពខេត្តកណ្តាលមានចំនួន ៥៨គម្រោង ក្នុងនោះ ស្រុកកណ្តាលស្ទឹង១គម្រោង ស្រុកកៀនស្វាយ៣គម្រោង ស្រុកខ្សាច់កណ្តាល២គម្រោង ស្រុកកោះធំ៣គម្រោង ស្រុកលើកដែក៣គម្រោង ស្រុកល្វាឯម១គម្រោង ស្រុកមុខកំពូល៣គម្រោង ស្រុកអង្គស្នួល៤គម្រោង ស្រុកពញាឮ៣គម្រោង ស្រុកស្អាង៤គម្រោង ក្រុងតាខ្មៅ១២គម្រោង ក្រុងសំពៅពូន៥គម្រោង ក្រុងអរិយក្សត្រ១០គម្រោង និងគម្រោងក្នុងខេត្ត៤គម្រោង៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





