សិស្សានុសិស្សចំនួន២៥២នាក់ នៅសាលាបឋមសិក្សាគោកសង្កែ ទទួលបានសម្ភារសិក្សាពីសប្បុរសជន និងព្រះសង្ឃក្នុងក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ព្រះសង្ឃតែងតែបានចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យអប់រំ នៅតាមបរិវេណវត្តភាគច្រើន គឺមានសាលារៀន និងផ្តល់ជាកន្លែងសម្រាប់កូនសិស្សស្នាក់នៅរៀនសូត្រ និងបានផ្តល់ជាសម្ភារសិក្សាជូនដល់ពួកគាត់សម្រាប់រៀនផងដែរ។ ជាក់ស្តែង នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ព្រះសង្ឃជាគ្រូចៅអធិការ និងជាគ្រូសូធ្យា នៅក្នុងក្រុងសៀមរាប រួមជាមួយ លោក អាន់ ឌ្រាស់ ជាសប្បុរសជន បាននាំយកសម្ភារសិក្សាទៅចែកជូនដល់សិស្សានុសិស្សចំនួន២៥២នាក់ នៅសាលាបឋមសិក្សាគោកសង្កែ ភូមិគោកសង្កែ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលរស់នៅតំបន់ដាច់ស្រយាល និងកំពុងខ្វះខាតសម្ភារសម្រាប់សិក្សា។

ព្រះធម្មានុរក្ខ័ញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្តសៀមរាប មានថេរៈដីការថា ការចែកជូនសម្ភារសិក្សាដល់សិស្សានុសិស្សនៅពេលនេះ ជាការបំពេញតម្រូវការ របស់សិស្ស ដែលត្រូវការសម្ភារសម្រាប់សិក្សា។ ព្រះតេជគុណ ក៏បានផ្តល់ឱវាទផ្តាំផ្តើរដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និង ជាសាសនិកល្អទៅថ្ងៃអនាគត។


លោក អាន់ ឌ្រាស់ តំណាងឱ្យម្ចាស់ជំនួយ បានថ្លែងថា លោកពិតជាមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលបានផ្តល់សម្ភារសិក្សាជូនដល់សិស្សនៅតំបន់ជនបទនេះ។លោកថា ការផ្តល់ចំណេះដឹងដល់ក្មេងៗ គឺពិតជាមានសារៈសំខាន់សម្រាប់ពួកគាត់ និងប្រទេសជាតិទាំងមូល ដូចនេះលោកបានលើកទឹកចិត្តឱ្យប្អូនៗក្មួយៗសិក្សានុសិស្សទាំងអស់ ត្រូវប្រើប្រាស់ពេលវេលាក្នុងការខិតខំរៀនសូត្រឱ្យបានល្អ និងត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះមានតែការសិក្សាទេ ដែលធ្វើឱ្យប្អូនៗក្មួយៗមានអនាគតល្អ៕


ដោយ ឃុត សៅ





